ឧត្តមសេនីយ៍ទោ ឈរ សុខ ៖ ការខិតខំប្រឹងប្រែងរួមគ្នា របស់នាយ-ពលទាហាន ធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ
(ខេត្តកំពង់ស្ពឺ)៖ មានប្រសាសន៍នៅក្នុងពិធីបូកសរុបលទ្ធផលការងារដឹកជញ្ជូនឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥ របស់កងពលតូចដឹកជញ្ជូនលេខ៩០ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានគូសបញ្ជាក់ថា៖ រាល់សមិទ្ធិផលបានកើតឡើងប្រកបដោយលទ្ធផលផ្លែផ្កាតាមផែនការដែលបានគ្រោងទុកប្រចាំឆ្នាំ២០២៤ រួមទាំងការខិតខំប្រឹងប្រែងរួមគ្នា របស់ ឯកឧត្តម អស់លោកទាំងអស់ ធ្វើឱ្យអង្គភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងការងារកសាង ជំរុំបន្ទាយបានរឹងមាំ ការងារដឹកជញ្ជូន ការងារជួសជុលថែទាំបច្ចេកទេសលើរថយន្ត តាមទិសដៅនៃផែនបានដាក់ចេញ ហើយក៍បានការកោតសរសើរពីថ្នាក់ដឹកនាំកងទ័ពជើងគោកជាប់ជាប្រចាំផងដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវអនុវត្តភារកិច្ចនេះបន្តទៀត តាមគោលការណ៍ណែនាំដែលថ្នាក់លើប្រគល់ជូន ។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ក្រោមឱវាទ ដែលមានឆន្ទៈដ៏មុះមុត រួមសហការគ្នាជាកម្លាំង ក្នុងការខិតខំពុះពារ ឆ្លងកាត់គ្រប់ការលំបាក ធ្វើឱ្យអង្គភាពរីកចម្រើន គួរជាទីមោទនក្រៃលែង។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានជំរុញ និងក្រើនរំលឹកដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ពង្រឹងលើកកម្ពស់សមត្ថភាពដល់កងទ័ព ក្នុងនិងក្រៅប្រទេស ដោយជំរុញតាមរយៈការហ្វឹកហ្វឺន បណ្តុះបណ្តាល ជាពិសេសយកចិត្តទុកដាក់ខ្ពស់ លើគុណភាព ទាំងយោធាចារ្យ គ្រូបង្គោល ដើម្បីកសាងធន់ធានយោធិន ព្រោះថា យោធិន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបន្តវេនទៅថ្ងៃអនាគត់ ។
ដោយបានការយកចិត្តទុកដាក់ពី ឯកឧត្តម នាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ព្រមទាំងបានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលសំខាន់ៗបន្ថែមទៀត សម្រេចបានគួរកត់សម្គាល់ក្នុងឆ្នាំ២០២៤ មានដូចជា ៖ ការងារដឹកជញ្ជូនកងកម្លាំង ស្បៀងអាហារ យោធបរិក្ខាសឹកគ្រប់ប្រភេទ និងសម្ភារផ្សេងៗទៀត ដើម្បីត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធតាមបទបញ្ជា ។
កងពលតូចដឹកជញ្ជូនលេខ៩០ បានដឹកជញ្ជូន
ប្រើប្រាស់រថយន្តចំនួន ៦២៦គ្រឿង ស្មើនឹង ៤,១៦៦ជើង ប្រើប្រាស់កម្លាំងចំនួន ៨០១នាក់ ក្នុងនោះមាន៖ ដឹកអាវភ្លៀង និងអាវរងារអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក; ដឹកប្រជាពលរដ្ឋចំនួន ៧៨គ្រួសារ ស្មើនឹង៣១៧នាក់; ដឹកផ្ទះចំនួន ២៥ខ្នង; ដឹកសម្ភារសំណង់ចំនួន ១៩៤តោន; ដឹកគ្រួសារទ័ពចំនួន ១០០គ្រួសារ;ដឹកទូក និងម៉ាស៊ីន និងសម្ភារៈផ្សេងៗទៀតឆ្លើយតបតាមបទបញ្ជា ។
ទទឹមនេះដែរកងពលតូចដឹកជញ្ជូនលេខ៩០ មានភារកិច្ចសំខាន់ៗជាច្រើនផ្សេងទៀតដូចជា ការងារកសាង ការងារថែទាំជួសជុលរថយន្ត ការងារអប់រំហ្វឹកហ្វឺនដល់យោធិន លើកកម្ពស់សមត្ថភាពតាមរយៈការហ្វឹកហ្វឺន បំប៉នយុទ្ធវិធីយោធារួមទាំងបច្ចេកទេសជំនាញ ស្វែងយល់ពីច្បាប់ បទបញ្ជា សារាចរណ៍ណែនាំ ដល់បណ្តាអង្គភាព ចំណុះ ដើម្បីលើកកម្ពស់គុណភាពការងារ សំដៅអនុវត្តភារកិច្ចឱ្យមានសមត្ថភាពអាចបំពេញភារកិច្ចបានដោយជោគជ័យ។
ក្រៅពីការងារស្នូល អង្គភាពបានខិតខំជំរុញឱ្យតាមបណ្តាកងឯកភាពចំណុះ ម្ចាស់ការធ្វើការបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាលើកកម្ពស់សុខុមាលភាពកងទ័ព ដោយម្ចាស់ការលុបបំបាត់ចោលចំពោះបន្លែត្រីសាច់ណាដែលមានជាតិគីមី ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន។
ដើម្បីចូលរួមការងារមនុស្សធម៌ ឆ្នាំ២០២៤ កងពលតូចដឹកជញ្ជូនលេខ៩០ បាននាំយកថវិកាស្ម័ក្រចិត្ត ចំនួន ២០,០០០,០០០រៀល ទៅជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីពេទ្យគន្ធបុប្ផា ដែលបានមកពីរស្ម័គ្រចិត្តចូលរួមថវិកាផ្ទាល់ខ្លួនរបស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ និងយោធិនបានស្ម័គ្រចិត្ត ចូលរួមបរិច្ចាកឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួន ១៥០នាក់ និងផ្តល់ឈាមបានចំនួន ១០២ផ្លោក ក្នុងការងារមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ដែលត្រូវការឈាម ចាំបាច់ ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_11-26-52-1024x704.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_11-26-48-1024x674.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_11-26-47-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_11-26-43-1024x627.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_11-26-40-1024x654.jpg)
ប្រភព ៖ កងទ័ព