ប្រមុខការពារជាតិអាមេរិកទៅព្រំដែនម៉ិកស៊ិក ប្តេជ្ញាបង្ក្រាបអន្តោប្រវេសន៍

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើទស្សនកិច្ចនៅព្រំដែនជាមួយប្រទេសម៉ិកស៊ិក បង្ហាញពីការប្តេជ្ញាចិត្តបង្ក្រាបជនអន្តោប្រវេសន៍ អនុវត្តតាមបទបញ្ជា របស់ប្រធានាធិបតី Donald Trump។

ប្រមុខមន្ទីរបញ្ចកោណរូបនេះបានទៅទស្សនាព្រំដែន ភាគខាងត្បូង សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី Donald Trump អនុវត្តរបៀបវារៈដ៏តឹងតែង ដែលរួមមានទាំងការបង្កើនវត្តមានយោធាប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់។

លោក Hegseth បាននិយាយថា «នេះគឺជាយុគសម័យថ្មី នៅព្រំដែនភាគខាងត្បូង យុគសម័យថ្មី នៃការប្តេជ្ញាចិត្ត យុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ ហើយនៅក្រសួងការពារជាតិ យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយ នៃយុគសម័យថ្មីនេះ»។ លោកបានប្តេជ្ញាថា «យើងនឹងគ្រប់គ្រងព្រំដែននេះ»។

លោក Trump បានបញ្ជាឱ្យបន្ថែមយោធា ១,៥០០ នាក់ ទៅកាន់ព្រំដែន ហើយរដ្ឋបាលរបស់លោកបានធ្វើការវាយឆ្មក់ និងការចាប់ខ្លួនជនអន្តោប្រវេសន៍ ខណៈដែលជនចំណាកស្រុកមួយចំនួន ត្រូវបាននិរទេស ដោយប្រើប្រាស់យន្តហោះយោធា។

គួរបញ្ជាក់ថា សន្តិសុខព្រំដែន គឺជាអាទិភាពសំខាន់ សម្រាប់ប្រធានាធិបតី Trump ដែលបានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិក ជាមួយម៉ិកស៊ិក នៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង ហើយលោកបានទុកពួកគេថា ជាក្រុមជួញដូរគ្រឿងញៀន ជាអង្គការភេរវករ ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner