ទឹកជំនន់នៅឥណ្ឌូនេស៊ី ផ្តាច់ជីវិតមនុស្សម្នាក់ និង ៧នាក់បាត់ខ្លួន
ហ្សាការតា ៖ អ្នកជួយសង្គ្រោះម្នាក់បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអាទិត្យសប្តាហ៍មុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតបាត់ខ្លួន។
លោក Saidar Rahmanjaya ជាប្រធានផ្នែកប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត បាននិយាយថា គ្រោះធម្មជាតិបានវាយប្រហារសង្កាត់ Wera នៃខេត្ត Bima ដោយបានលេបត្របាក់ផ្ទះចំនួន ៧ខ្នង បាក់ស្ពានមួយ និងកាត់ផ្តាច់ចរន្តអគ្គិសនី។
លោក Rahmanjaya បន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះមានការចូលរួមពីទាហាន ប៉ូលីស បុគ្គលិកនៃការិយាល័យស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ រួមទាំងភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ និងអ្នកស្ម័គ្រចិត្ត។
បើតាមលោក Rahmanjaya ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ ខណៈដែលកម្រិតទឹកនៅក្នុងទន្លេបានហក់ឡើងខ្លាំងកាលពីរសៀលថ្ងៃអាទិត្យសប្តាហ៍មុន។
ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី ក៏បានព្រមានអំពីអាកាសធាតុអាក្រក់ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកធំៗផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា