ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសេចក្តីជូនដំណឹង ស្តីពី វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ ។

ក. ឧបាយកលឆបោក

ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ ដូចខាងក្រោម៖

  • ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិតឬក្លែងក្លាយ ដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់
  • ការទាមទារ ស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង
  • ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។

ខ. វិធីសាស្រ្តការពារខ្លួនពីការឆបោក

ដើម្បីការពារខ្លួនពីការឆបោកខាងលើ រាល់ពេលទទួលបានការហៅទូរសព្ទ សារ សំឡេង រូបភាព ឬវីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ សូមអនុវត្តវិធីសាស្រ្ត ដូចខាងក្រោម៖

  • ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ
  • ពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់
  • សួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយដែលគិតថាត្រូវតែដឹង
  • បង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូ របស់អ្នកជាសាធារណៈ ព្រោះវាអាចឱ្យជនខិលខូចយកមាតិកាទាំងនោះទៅក្លែងបន្លំជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និង
  • មិនត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ ទៅជនដែលសង្ស័យ ជាដាច់ខាត ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល [email protected] ឬទូរសព្ទលេខ 023 722 391 / ០១៦ ៨៥១ ៦៧៨ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner