អ្នកជំនាញសេដ្ឋកិច្ច និងសមាគម TAFTAC ថា កម្ពុជាមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ក្នុងការរក្សាកំណើននាំចេញ​ទៅទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួន​ទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួ​ន​ត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុង​យ៉ាងណាក៏ដោយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភា​កម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅ​តែខ្ពស់​ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួល​បានការ​បញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិ​នយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជា​នៅតែ​អាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់​ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំង​ស្រុង​របស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិន​ធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។

លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជ​រដ្ឋាភិ​បាល​កម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និង​កំណើននៃការនាំចេញរបស់ខ្លួន តាមរយៈ​ការបង្កើន​សមត្ថភាព​ជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។

ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមាន​លក្ខណសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ ក្នុងនោះ កម្ពុជាមានយុទ្ធសាស្ត្រ​អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ២០២២-២០២៧, កម្ពុជាមានវិធានការជាយុទ្ធសាស្ត្រដូចជា៖ ១. ការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនផលិតភាពការងារ ក៏ដូចជា​ការបន្តធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌការងារ, ២. ការអភិវឌ្ឍ​ការផលិតវត្ថុជាតុដើមក្នុងស្រុក, ៣. លើកកម្ពស់ការវិនិយោគ​លើ​ឧស្សាហកម្មគាំទ្រ, និង ៤. ការធ្វើពិពិធកម្មទីផ្សារ។

បន្ថែមពីចំណុចខាងលើ អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ​បន្ថែមថា កម្ពុជាក៏បានធ្វើការយកចិត្តទុកដាក់ជា​ពិសេស​លើ​អនុលោមភាពផ្នែកសង្គមនិងបរិស្ថានដែលជាការទាមទាររបស់ទីផ្សារអន្តរជាតិ។ រាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធបាននិងកំពុង​ធ្វើ​ការ​យ៉ាងសកម្មលើការធានាអោយបាននូវចីរភាព និងភាពប្រកួត​ប្រជែង​របស់កម្ពុជា ជាពិសេសរហូតដល់ក្រោយការចាកចេញ​របស់​កម្ពុជាពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនាឆ្នាំ២០២៩។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំ​ចេញ​របស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបាន​កើន​ឡើង ២០.៤ ភាគរយដល់ ៤,៤ ពាន់លានដុល្លារ ពីចំនួន ៣,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ក្រសួងពាណិជ្ជកម្ម​បាន​បន្ថែមថា អេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត​របស់​កម្ពុជានៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្ម​ទ្វេភាគីចំនួន ១ ពាន់លានដុល្លារ និង ៩១១ លានដុល្លារ​រៀងៗ​ខ្លួន។ ការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានដូចជា វាយនភណ្ឌ ស្បែកជើង កង់ គ្រឿង​ឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner