មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាង​ច្បាស់​នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធ​គាំពារសង្គម

រតនគិរី៖ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ខេត្តស្តីពីបរិយាបន្នពិការភាពក្នុង​កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កាល​ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់​នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធ​គាំពារសង្គម ដែលធានាបាននូវ​ប្រសិទ្ធភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ការ​កសាង និងអភិវឌ្ឍមូលធនមនុស្ស ។

ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃ​ក្រសួង​សង្គម​កិច្ចបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក៏បាន​កំណត់យ៉ាងច្បាស់ នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់​រាជ​រដ្ឋាភិបាល ឈានទៅសម្រេចបានជាប្រទេស ដែលមានចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមគូសរំលេចបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា បានផ្តល់អាទិភាពការងារ​ពិការភាព​ក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជា​បន្តបន្ទាប់ សំដៅពង្រឹង​ពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជន​មានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួលរបប​ឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានបណ្ណសមធម៌ ឬនៅក្នុងគ្រួសារដែលមានបណ្ណសមធម៌ នឹងទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែពីរដ្ឋ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយកម្មវិធី​អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ និងបាន​ចុះ​​ឈ្មោះជាមួយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការបណ្តុះប​ណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបាន​ប្រាក់​ឧបត្ថម្ភក្នុងអំឡុង​ពេលសិក្សាទៀតផង។

នាសាលប្រជុំសាលាខេត្តដដែល លោក ខ័ណ្ឌ ចំណាន អភិបាលរង​ខេត្តរតនគិរី បានចាត់ទុកសិក្ខាសាលាថ្នាក់​ខេត្ត​នាពេលនេះ មានសារៈ​សំខាន់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋាន​សុខុមាលភាពជនពិការ បានសហការជាមួយអង្គការ យូនីសេហ្វ​(UNICEF) និងកម្មវិធី ACCESS II តែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ដល់ជនបង្គោលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធក្នុងការផ្តល់សេវា ជូនជនមានពិការភាព​ឱ្យកាន់តែ​មានប្រសិទ្ធភាពខ្ពស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបរិយាបន្ន។

សិក្ខាសាលានេះជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីរៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ចែករំលែកនូវ​បទ​ពិសោធន៍ល្អៗ​បន្ថែមទៀត ឱ្យកាន់តែមានភាពប្រសើរឡើង ក្នុងការបំពេញការងារ ជូនជនមានពិការភាព ពីដំណាក់​កាលមួយ ទៅដំណាក់កាលមួយ ការកសាងសមត្ថភាពគ្រូបង្គោលឃុំ សង្កាត់ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងអនុវត្ត​ការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោក ខ័ណ្ឌ ចំណាន៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner