ប្រធានគណបក្សប្រជាជនខេត្តកំពតលើកទឹកចិត្តក្រុមយុវជនបន្តវេន ដែលចង់ចូលរួមចំណែក ក្នុងកិច្ចការងារដឹកនាំនៅគ្រប់កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ
កំពត៖កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលបានរៀបចំធ្វើឡើងនៅមន្ទីរបក្សខេត្តកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពត បានថ្លែងកោតសរសើរសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំង កាយចិត្ត ស្មារតីក្នុងការអនុវត្តការងារកន្លងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ។
ឯកឧត្តម ម៉ៅ ធនិន បានគូសរំលេចការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោត នាពេលកន្លងមក។ ហើយដើម្បីបន្តបម្រើប្រជាពលរដ្ឋ បម្រើបក្ស ពិសេសបន្តដណ្តើមយកជ័យជម្នះលើការបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈចលនាមហាជនខេត្តកំពត ក៏បានលើកទឹកចិត្តដល់ក្រុមយុវជនបន្តវេន ដែលចង់ចូលរួមចំណែកក្នុងកិច្ចការងារដឹកនាំនៅគ្រប់កម្រិតថ្នាក់ទាំងបក្ស និងរដ្ឋ សូមបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព បំពេញកិច្ចការងារ និងតួនាទីនរបស់ខ្លួនឱ្យបានល្អប្រសើរដើម្បីធ្វើជាគំរូល្អ (យុវជនគំរូ ពលរដ្ឋគំរូ មន្ត្រី ឬបុគ្គលគំរូ)ដែលអាចធ្វើឲ្យប្រជាពលរដ្ឋទូទៅ ពេញចិត្ត និងទទួលស្គាល់សមត្ថភាព និងគុណសម្បត្តិរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំ ៕
ដោយ៖ សិលា សារិន