ផ្ទុះកម្មវិធីរឿងអាសអាភាសលើទូរស័ព្ទ iPhone ពេញអឺរ៉ុប

បរទេស៖ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រកាសពីការព្រួយបារម្ភ លើករណីផ្ទុះ App អាសអាភាស Hot Tub មាននៅលើ iPhone ដ៏ភ្ញាក់ផ្អើល នៅក្នុងប្លុកអឺរ៉ុប ខណៈដែលក្រុមហ៊ុនបានរារាំងយ៉ាងតឹងរ៉ឹង មិនឲ្យមាន កម្មវិធីនេះ នៅលើ App Store ជាយូរយារណាស់ មកហើយ។

ក្រុមហ៊ុន Apple ចាត់ទុកថា មូលហេតុ គឺដោយសារតែក្រុមហ៊ុនបានបន្ធូរបន្ថយ គោលការណ៍របស់ខ្លួន នៅអឺរ៉ុប កាលពីឆ្នាំមុន ពោលគឺ បន្ទាប់ពីសហភាពអឺរ៉ុប បាននិយាយថា លក្ខខណ្ឌរបស់ Apple បានរារាំងអ្នកបង្កើតកម្មវិធីនានា ព្រមទាំង ប៉ះពាល់ដល់អ្នកប្រើប្រាស់ដោយសេរី ក្នុងការទូទាត់ផ្សេងៗ។

Apple បាននិយាយប្រាប់ AFP ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីហានិភ័យសុវត្ថិភាព ដែលកម្មវិធីអាសអាភាសនេះ ប៉ះពាល់ដល់អ្នកប្រើប្រាស់ នៅសហភាពអឺរ៉ុប ជាពិសេស កុមារ»។

កន្លងមក App Store មិនអនុញ្ញាតឱ្យមាន App រឿងអាសអាភាស ប៉ុន្តែ កម្មវិធី Hot Tub ត្រូវបានផ្តល់ជូន ដែលអាចទាញយកមកប្រើ នៅលើ AltStore PAL ដែលជាទីផ្សារជំនួស។

Apple កាលពីឆ្នាំមុន បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេ ដែលបានប្រឈមមុខនឹងការចោទប្រកាន់ ពីបទបំពានច្បាប់ថ្មី របស់សហភាពអឺរ៉ុប ដែលគេស្គាល់ថា ជាច្បាប់ទីផ្សារឌីជីថល ហៅកាត់ DMA។ ការណ៍នេះ នាំឲ្យ Apple បានសន្យាថា នឹងមានការផ្លាស់ប្តូរ ដោយអនុលោមតាមច្បាប់ DMA រួមទាំង អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ នៅក្នុងសហភាពអឺរ៉ុប ប្រើប្រាស់ទីផ្សារកម្មវិធីជំនួស នោះ គឺ AltStore PAL ដែលបានបើកដំណើរការ កាលពីដើមឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner