អូស្ត្រាលីបង្កើត AI ជួយព្យាបាលជំងឺសួតរ៉ាំរ៉ៃ

បរទេស ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសកលវិទ្យាល័យ នៅប្រទេសអូស្ត្រាលី និងប្រទេសបង់ក្លាដេស បានរួមគ្នា បណ្តុះបណ្តាល AI ឬ បញ្ញាសិប្បនិម្មិត ធ្វើរោគវិនិច្ឆ័យ និងផ្តល់វិធីព្យាបាល ជំងឺសួតរ៉ាំរ៉ៃ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ សកលវិទ្យាល័យអូស្ត្រាលី Charles Darwin ហៅកាត់ CDU។

ប្រភពបន្តថា ការសិក្សាថ្មី អាចក្លាយជាជំនួយការល្អបំផុត របស់ក្រុមវេជ្ជបណ្ឌិតជំនាញខាងវិទ្យុសកម្ម ឬ កាំរស្មីអ៊ិច ដើម្បីធ្វើរោគវិនិច្ឆ័យ យ៉ាងត្រឹមត្រូវ និង យ៉ាងឆាប់រហ័ស អំពីជំងឺសួតផ្សេងៗ។

លោកស្រី Niusha Shafiabady សាស្ត្រាចារ្យ ប្រចាំនៅសកលវិទ្យាល័យ Charles Darwin បាននិយាយថា គំរូ AI នេះ កំណត់អត្តសញ្ញាណជំងឺរលាកសួត ជំងឺរបេង សួតខ្មៅ ជំងឺហឺត មហារីក ជំងឺសួតរ៉ាំរ៉ៃ និង ជំងឺស្ទះសួត ជាដើម។ លោកស្រីបន្តថា AI ថ្មីនេះ បង្ហាញឲ្យក្រុមវេជ្ជបណ្ឌិត ធ្វើការសម្រេចចិត្តជាក់លាក់ ហើយពន្យល់ អំពីវិធីព្យាបាល ទៀតផង។ លោកស្រីបន្ថែមថា គំរូនេះមានភាពត្រឹមត្រូវ ជាង៩៦ ភាគរយ ផ្ទៀងផ្ទាត់ដោយអ្នកជំនាញវេជ្ជសាស្ត្រ។

ការសិក្សាថ្មីនេះ បានធ្វើឡើងរួមគ្នា ពីសំណាក់ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Charles Darwin, សាកលវិទ្យាល័យ Australian Catholic University និង សាកលវិទ្យាល័យបង់ក្លេសដេស United International ក្រោមកម្មវិធី «គំរូ AI ដើម្បីវិភាគវីដេអូ Ultrasound សួត និង ធ្វើរោគវិនិច្ឆ័យជំងឺផ្លូវដង្ហើម» នេះបើតាម CDU ដដែល៕

ប្រភពពី cdu ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner