Zelensky យករ៉ែកម្រ ដោះដូរជំនួយពីអាមេរិក
បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky អំពាវនាវឱ្យក្រុមហ៊ុនអាមេរិក វិនិយោគលើរ៉ែកម្រ ក្នុងប្រទេសរបស់លោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀង ជាមួយទីក្រុង Kyiv ដែលពាក់ព័ន្ធនឹងការទទួលបានរ៉ែ ជាថ្នូរនឹងជំនួយ។
លោក Zelensky បាននិយាយថា «ការណ៍នេះ នឹងយុត្តិធម៌ ក្នុងការផ្តល់ឱ្យក្រុមហ៊ុនអាមេរិក ទទួលបានធនធានរ៉ែ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុង Kyiv ទប់ទល់នឹងកងកម្លាំងរុស្ស៊ី»។
លោក Zelensky បាននិយាយថា «ខ្ញុំចង់ឲ្យអាជីវកម្ម របស់សហរដ្ឋអាមេរិក អភិវឌ្ឍន៍វិស័យរ៉ែ នៅទីនេះ….យើងបើកចំហ ចំពោះការពិត ដែលថា អ្វីៗទាំងអស់នេះ អាចត្រូវបានបង្កើតឡើង ដោយដៃគូរបស់យើង ដែលជួយយើង ការពារទឹកដី និង រុញសត្រូវ ត្រឡប់ទៅវិញ តាមរយៈការផ្តល់ជាអាវុធ និងកញ្ចប់ទណ្ឌកម្ម ហើយនេះ ពិតជា រឿងយុត្តិធម៌» ។
ការលើកឡើង របស់លោក Zelensky បានធ្វើឡើង នៅក្រោយមួយថ្ងៃ ដែលលោក Donald Trump បាននិយាយថា លោកចង់បានលោហៈយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ សម្រាប់បច្ចេកវិទ្យាផ្សេងៗ ជាថ្នូរនឹងការការពារសន្តិសុខ ពីសហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_10-34-17-1024x682.jpg)