Trump ចង់យកតំបន់ហ្គាហ្សាជាកម្មសិទ្ធិ
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃអង្គារថា លោកកំពុងគិតថា ចង់យកតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ មកធ្វើជាកម្មសិទ្ធិ ហើយបង្កើតការងារជាច្រើន នៅទីនោះ។
លោក Donald Trump បាននិយាយបែបនេះ អំឡុងសន្និសីទកាសែត ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅសេតវិមាន។
ប្រធានាធិបតី Donald Trump បានថ្លែងរំពឹងថា សហរដ្ឋអាមេរិកនឹងកាន់កាប់ «កម្មសិទ្ធិរយៈពេលវែង» លើ Gaza Strip ដោយបន្ថែមថា «ការធ្វើដូច្នេះ នឹងបង្កើតការងាររាប់ពាន់»។ លោក Trump បានបន្តថា «ខ្ញុំឃើញថា ការកាន់កាប់នេះ នឹងនាំមកនូវស្ថេរភាព ដ៏អស្ចារ្យ ដល់ផ្នែក នៃមជ្ឈិមបូព៌ា និងប្រហែល អាចជា តំបន់មជ្ឈិមបូព៌ាទាំងមូល..នេះមិនមែនជាការសម្រេចចិត្ត ដែលធ្វើឡើងដោយធម្មតាទេ មនុស្សគ្រប់គ្នា គឺចូលចិត្តគំនិតរបស់សហរដ្ឋអាមេរិក ដែលចង់ធ្វើជាម្ចាស់ ទឹកដីនោះ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅ លោក Donald Trump ថា ជា «មិត្តល្អបំផុតដែលអ៊ីស្រាអែល មិនធ្លាប់មាន»។ លោក Netanyahu បានប្រាប់ទៀតថា ប្រជាជនអ៊ីស្រាអែលមានការគោរពយ៉ាងខ្លាំង ចំពោះលោក Donald Trump៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត