នាយករដ្ឋមន្ត្រីថៃទៅបំពេញទស្សនកិច្ចនៅប្រទេសចិនសប្តាហ៍នេះ

បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី៥ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn នឹងជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Li Qiang ក៏ដូចជាលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។

លោកស្រី Paetongtarn ក៏នឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចថៃ និងចិន ដើម្បីពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ផ្លូវការនៅទីក្រុងប៉េកាំង លោកស្រី Paetongtarn នឹងចូលរួមពិធីបើកព្រឹត្តិការណ៍ Asian Winter Games 2025 លើកទី៩ នៅទីក្រុងហាប៊ីន។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃទៅកាន់ប្រទេសចិន គឺជាការចាប់ផ្តើមឱកាសមាសនៃចំណងមិត្តភាពថៃ-ចិន ក្នុងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

វាក៏នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ពួកគេ ក្នុងការជំរុញគោលដៅរួមនៃការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ខណៈពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

ប្រភព ៖ thailand.prd ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner