ក្រុមហ៊ុន អិន ស៊ី អិច ដំឡើងម៉ូតូ ៥ប្រភេទ ចែកចាយប្រមាណ ២៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមហ៊ុន អិន ស៊ី អិច (NCX) បច្ចុប្បន្ន ដំឡើងម៉ូតូចំនួន ៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat ដោយបានចែកចាយ ប្រមាណ ២៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ២០២៤ ។ នេះបើតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ដំឡើងម៉ូតូចំនួន ៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុន ដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ដោយឡែកនៅឆ្នាំ២០២៤ ក្រុមហ៊ុន ដំឡើងចែកចាយ ប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះ រោងចក្រ មានសមត្ថភាពដំឡើងត្រឹម ៥០គ្រឿង ក្នុង ១ថ្ងៃ នៅក្នុងឆ្នាំ១៩៩៩ និងបានបង្កើតសមត្ថភាព តំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ ។

ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុន បានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក ។

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា ។

ជាមួយកំណើនយ៉ាងឆាប់រហ័ស នៃតម្រូវការ របស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុន បានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូង របស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ១៩៩៩ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner