សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិនស៊ីអិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិនស៊ីអិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចធិបតីបានបញ្ជាក់ថា ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។
បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩ និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។ ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក។
សម្តេចធិបតីបានបន្តថា ក្រុមហ៊ុន អិនស៊ីអិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិនស៊ីអិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-23-45-2-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-23-45-3-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-23-45-4-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-24-01-2-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-24-01-3-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-24-01-1024x681.jpg)