Trump បញ្ជាឲ្យអាមេរិកចេញពីស្ថាប័នធំៗរបស់អង្គការសហប្រជាជាតិ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលដកទីក្រុងវ៉ាស៊ីនតោន ចេញពីស្ថាប័នអង្គការសហប្រជាជាតិមួយចំនួន រួមទាំង ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហៅកាត់ UNHRC និងបង្កើតការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយ លើការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់អង្គការពហុភាគី។
បទបញ្ជាប្រតិបត្តិ តម្រូវឲ្យដកទីក្រុងវ៉ាស៊ីនតោនចេញពី UNHRC និងទីភ្នាក់ងារជំនួយសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិ សម្រាប់ប៉ាឡេស្ទីន ហៅកាត់ UNRWA ហើយនឹងពិនិត្យឡើងវិញ នូវការចូលរួមនៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ។
ចំណាត់ការនេះត្រូវបានធ្វើឡើង ក្រោយពេលដែលលេខាធិការទទួលបន្ទុកនាំឯកសារទៅប្រធានាធិបតី ប្រចាំនៅសេតវិមាន លោក Will Scharf ពិពណ៌នាថាមាន «ការលំអៀង ប្រឆាំងនឹងអាមេរិក» នៅបណ្តាទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិ។
លោក Scharf បាននិយាយថា «ជាទូទៅ បទបញ្ជាប្រតិបត្តិអំពាវនាវឱ្យពិនិត្យឡើងវិញនូវការចូលរួម និងការផ្តល់មូលនិធិរបស់អាមេរិក នៅក្នុងអង្គការសហប្រជាជាតិ ដោយមើលឃើញពីភាពខុសគ្នា និងកម្រិតនៃមូលនិធិក្នុងចំណោមប្រទេសផ្សេងៗគ្នា»។
លោក Trump បានគូសបញ្ជាក់ពី «សក្ដានុពលដ៏អស្ចារ្យ» របស់អង្គការសហប្រជាជាតិ ប៉ុន្តែ បាននិយាយថា ស្ថាប័ននេះ មិនដំណើរការល្អទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត