រុស្ស៊ីគ្រោងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំលេងនៅបេឡារុស
មូស្គូ ៖ រុស្ស៊ីមានផែនការដាក់ពង្រាយមីស៊ីលល្បឿ លឿនជាងសំលេង Oreshnik នៅក្នុងទឹកដីប្រទេសបេឡារុស ស្របតាមកិច្ចព្រមព្រៀងរវាងមេដឹកនាំទាំងពីរ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រធាននាយកដ្ឋាន នៃរដ្ឋឯករាជ្យនៅក្រសួងការបរទេសរុស្ស៊ី លោក Alexey Polishchuk បាននិយាយក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន TASS ថា ស្របតាមការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត… រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់ដល់បេឡារុស និងចាត់វិធានការដើម្បីការពារដែនអាកាសរួមរបស់យើង។
លោកបានសង្កត់ធ្ងន់ថា មីស៊ីល Oreshnik រយៈចម្ងាយមធ្យម នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទ្វេភាគី។ ទន្ទឹមនេះ បេឡារុសបានរៀបចំកងកម្លាំងរួមគ្នាក្នុងតំបន់ ប្រព័ន្ធការពាររបស់រុស្ស៊ីដ៏ទំនើប និងអាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្ត្ររួចហើយ។
លោកបន្ថែមថា កងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងារសន្តិសុខរបស់ប្រទេសទាំងពីរ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយការគំរាមកំហែងទាំងខាងក្រៅ និងខាងក្នុងដោយឯករាជ្យ។
កាលពីចុងខែមករា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានប្រកាសថា មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik របស់រុស្ស៊ី នឹងមកដល់ប្រទេសបេឡារុសនៅថ្ងៃណាមួយ ហើយថា ប្រព័ន្ធមីស៊ីលនេះអាចត្រូវបានដាក់ពង្រាយនៅជិតតំបន់ Smolensk៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា