សម្ដេចធិបតី ៖ ភាពជោគជ័យរបស់ក្រុមហ៊ុន NCX ជាការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញ ជូនពលរដ្ឋខ្មែរ
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ភាពជោគជ័យរបស់ក្រុមហ៊ុន NCX ជាគំរូមួយ ដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញជូនពលរដ្ឋខ្មែរ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបននេះ តាមរយៈបណ្ដាញសង្គមជាមួយនឹងសកម្មភាព អញ្ជើញពិនិត្យច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្ដេចបានសរសេរលើបណ្ដាញសង្គមដូច្នេះថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋ ជាអាទិភាពចម្បងរបស់ រាជរដ្ឋាភិបាល ។ ការធ្វើពិពិធកម្មផលិតកម្ម គឺជាមធ្យោបាយមួយ ដើម្បីសម្រេចបានគោលដៅ ទាំងនេះ ដែលក្នុងនោះ ការពង្រឹង និងលើកស្ទួយ វិស័យឧស្សាហកម្ម និងកម្មន្តសាល គឺជាគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ។
ទន្ទឹមនេះ សម្ដេចធិបតី សូមអបអរសាទរ ចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយ ពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹមតែនាំចូលគ្រឿងបង្គំគ្រប់មុខពីក្រៅប្រទេស មកផ្គុំ និងដំឡើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយ ដែលបច្ចុប្បន មានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដំឡើងម៉ូតូ លក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយចំនួន ទៅលក់នៅក្រៅប្រទេសផងដែរ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ភាពជោគជ័យ របស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការ របស់កម្ពុជា ក្នុងការផលិតដោយខ្លួនឯង នូវផលិតផល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-20-21-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-20-11-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-20-16-1024x681.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-20-09-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-19-45-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-19-46-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-19-51-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_14-19-47-1024x682.jpg)
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ