ហុងគ្រី ចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាដៃគូលេចធ្លោនៅក្នុងតំបន់
(ភ្នំពេញ)៖ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រី នៅក្នុងតំបន់ ។ នេះជាការលើកឡើងរបស់ លោកជំទាវ Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ មានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ដោយបានចាត់ទុកថា ទស្សនកិច្ចនេះ នឹងរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី នៅខណៈដែលទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ នឹងឈានចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦ ។
លោកជំទាវ Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា កន្លងទៅនេះ ។ នៅក្នុងបរិបទនេះ លោកជំទាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកជំទាវបានសម្តែងនូវក្តីជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីនានាផ្សេងទៀត ដូចជារវាងអាស៊ាន និងសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ទំនាក់ទំនងកម្ពុជា និងហុងគ្រី កាន់តែមានភាពល្អប្រសើរឡើង។
លោកជំទាវ បានលើកឡើង អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី ដោយនៅក្នុងនោះភាគីទាំងពីរ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី នៅទីក្រុងប៊ុយដាប៉េស នៅឆ្នាំ២០២៤ ដោយផ្តោតទៅលើវិស័យគ្រប់គ្រងធនធានទឹក កសិកម្ម និងការផ្តល់គម្រោងឥណទាននានា ដូចជានៅក្នុងវិស័យសន្តិសុខស្បៀងជាដើម។
លោកជំទាវ ក៏បានរំលេចដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំប្រមាណ៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តានុពលនោះទេ។ ក្នុងន័យនេះ លោកជំទាវ លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជា ចូលរួមដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន។
នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា ភាគីនៃប្រទេសទាំងពីរនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ជាពិសេសការជំរុញទំហំពាណិជ្ជកម្ម ឱ្យសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកជំទាវ បញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ ម្យ៉ាងទៀត ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា ក៏បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណលោកជំទាវ ចំពោះការពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី និងលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ពាក្យពេចន៍ដ៏ល្អប្រពៃរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេច បញ្ជាក់ដោយក្តីរីករាយថា វត្តមានរបស់គណៈប្រតិភូមកពីគណបក្សប្រឆាំងនៅប្រទេសហុងគ្រីនាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីកុងសង់ស៊ីសរបស់ប្រទេសហុងគ្រីលើទំនាក់ទំនងជាមួយកម្ពុជា ទោះបីជាប្រវត្តិនៃទំនាក់ទំនងនេះបានឆ្លងកាត់ដំណាក់កាល និងរបបខុសៗគ្នាអស់រយៈពេល ៦៩ឆ្នាំក៏ដោយ ។ សម្តេច ថា កម្ពុជា មិនដែលបំភ្លេចនូវការគាំទ្រ និងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ។
សម្តេច បានរំលឹកអំពីប្រវត្តិ នៃដំណើរទស្សនកិច្ចជាញឹកញ៉ាប់របស់ សម្តេច ទៅហុងគ្រី ចាប់តាំងពីពេលសម្តេច ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ សម្តេចបានចង្អុលបង្ហាញថា ទោះបីស្ថានភាពកម្ពុជា មានការផ្លាស់ប្តូរ ដូចជាការផ្ទេរអំណាចរបស់សម្តេច ជូនអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាលថ្មីក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងហុងគ្រី មិនផ្លាស់ប្តូរដែរ។
ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងអំពីការធ្វើទស្សនកិច្ចរបស់សម្តេចចំនួនពីរលើកនៅប្រទេសហុងគ្រី និងទស្សនកិច្ច របស់ប្រធានាធិបតីហុងគ្រីនៅកម្ពុជា នៅឆ្នាំ២០១៩ ហើយសង្ឃឹមថានឹងមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្តទៀត ជាពិសេស ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាពេលខាងមុខ។
ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល ដោយភាគីទាំងពីរ អាចស្វែងរកចំណុចកិច្ចសហប្រតិបត្តិការណា ដែលភាគីទាំងពីរ អាចសម្រេចបាន ដើម្បីជំរុញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងតាមសក្តានុពលដែលមាន។ ទោះយ៉ាងនេះក្តី សម្តេចបានលើកបន្ថែមថា ភាគីទាំងពីរ ក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។ នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្តជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេល សម្តេច ជាប្រមុខរាជរដ្ឋាភិបាល។
នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សម្តេចតេជោ បានជម្រាបជូនលោកជំទាវអំពីការផ្តោតអាទិភាពរបស់ព្រឹទ្ធសភាកម្ពុជា ទៅលើវិស័យចំនួន២ ដែលនោះគឺការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលលើកិច្ចការការបរទេស នៅក្នុងបរិបទ ដែលស្ថានភាពភូមិសាស្រ្តនយោបាយតំបន់និងពិភពលោកមានភាពតានតឹង និងស្មុគស្មាញ និងការធ្វើគណនេយ្យភាព ចំពោះអង្គបោះឆ្នោត ដើម្បីសមាជិកព្រឹទ្ធសភាសហការជាមួយអង្គបោះឆ្នោត ផ្សារភ្ជាប់ និងជួយដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ។ ក្នុងស្មារតីលើកកម្ពស់ការទូតសភា សម្តេច បានសម្តែងនូវបំណងប្រាថ្នា ឱ្យមានការបង្កើត ក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រី ផងដែរ ។
ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេច បានថ្លែងអំណរគុណហុងគ្រី ដែលបានគ្រាំទ្រ ធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ហើយសម្តេចបានគូសបញ្ជាក់ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេស មានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ ។
ក្រៅពីនេះ សម្តេចតេជោ បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងបញ្ហាតំបន់ និងអន្តរជាតិ និងគោលនយោបាយរបស់ ប្រទេសមហាអំណាចផងដែរ។
សម្តេចតេជោ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ តាមរយៈលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភា ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីហុងគ្រី ផងដែរ។ សម្តេចតេជោ បានជូនពរលោកជំទាវ Marta Martrai និងគណៈប្រតិភូ ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា ៕
![](https://asset.ams.com.kh/central/media/2025/02/IMG_6257-1024x684.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6256-1024x684.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6259-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6263-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/IMG_6270-1024x682.jpg)
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ