អាហ្សង់ទីនឆេះព្រៃស្លាប់មនុស្ស បំផ្លាញអស់៣,០០០ហិកតា
បរទេស ៖ ភ្លើងឆាបឆេះ បំផ្លាញផ្ទៃដីព្រៃ ប្រហែល៣,០០០ហិកតា ក្បែរនឹងតំបន់ទេសចរណ៍ នៅក្នុងប្រទេសអាហ្សង់ទីន ខណៈដែលមនុស្សរាប់រយនាក់ បានជម្លៀសខ្លួន ចេញពីផ្ទះសម្បែង ថែមទាំង មានមនុស្សម្នាក់ស្លាប់ ទៀតផង។
ហេតុការណ៍ភ្លើងឆេះព្រៃនេះ បានកើតឡើង នៅជិតកន្លែងទេសចរណ៍ El Bolson នៃ ប្លុកតំបន់ភ្នំ Patagonia ប្រទេស អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ។
លោក Alberto Weretilneck អភិបាលតំបន់ Rio Negro បាននិយាយថា «គ្រោះមហន្តរាយនេះ បានបង្កការខូចខាតយ៉ាងសម្បើម ដល់សហគមន៍របស់យើង»។
អភិបាលក្រុង El Bolson លោក Bruno Pogliano បានប្រាប់ទូរទស្សន៍ TN បន្ថែមថា បុរសម្នាក់បានស្លាប់ បន្ទាប់ពីគាំងបេះដូង ដោយសារស្រូបផ្សែងភ្លើងឆេះ នៅក្នុងគេហដ្ឋានរបស់គេ។
ប្រភពបន្តថា មនុស្សជាង ៨០០នាក់ត្រូវបាន ជម្លៀសចេញ។ ដំបូងឡើយ ភ្លើងបានឆាបឆេះ កាលពីថ្ងៃព្រហស្បតិ៍ នៅតំបន់ឡើងភ្នំ Cajon del Azul ។ បន្ទាប់មក បានរីករាលដាល យ៉ាងឆាប់រហ័ស ដោយសារខ្យល់ និងសីតុណ្ហភាពក្តៅខ្លាំង។ ភាពអាសន្ន ត្រូវបានប្រកាស កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Rio Negro ហើយ អាជ្ញាធរបានបង្កើតវិធានការការពារ និងការឃ្លាំមើល កាន់តែខ្លាំង រហូតដល់ថ្ងៃទី ៣០ ខែមេសា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត