ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់ រួមគ្នាអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនឱ្យដុតសំរាម គល់ជញ្រ្ជាំង និងព្រៃដែលនាំឱ្យការប្រែប្រួលគុណភាពខ្យល់

(ភ្នំពេញ)៖ មន្រ្តីមកពីក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពោធិ៍សាត់បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាមួយដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ ដោយសារការកើនទ្បើងកំហាប់ជាតិពុលក្នុងខ្យល់ដែលនាំជះផលអាក្រក់ដល់សុខភាពសាធារណៈជនពិសេសពលរដ្ឋតាមមូលដ្ឋានផ្ទាល់តែម្តង។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនាសាលាខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាអប់រំផ្សព្វផ្សាយ និងទប់ស្កាត់រាល់បញ្ហាដែលនាំឈានដល់ការប្រែប្រួលគុណភាពខ្យល់ និងគុណភាពខ្យល់ធ្លាក់ចុះ។

ឯកឧត្តមមានប្រសាសន៍ថា ៖ ”បញ្ហាខ្យល់គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់បញ្ហាសុខភាពសាធារណៈ ។បើយើងមិនរួមគ្នាទប់ស្កាត់ទេបញ្ហាប្រឈមនឹងសុខភាពមិនអាចចៀសផុតឡើយ”។

ឯកឧត្តមមានប្រសាសន៍ថា បញ្ហាការប្រែប្រួលគុណភាពខ្យល់វាមិនផ្តល់ផលអាក្រក់ភ្លាមៗទេតែវាហុចផលអាក្រក់នាថ្ងៃខាងមុខដល់សុខភាពនាថ្ងៃអនាគត ។ ហេតុនេះយើងចាំបាច់ណាស់ត្រូវចូលរួមថែរក្សា ការពារបរិស្ថានឱ្យស្រស់ស្អាត ខ្យល់បរិសុទ្ធ។អាជ្ញាធរ ឃុំ-ស្រុក ចាំបាច់ណាស់ ត្រូវចូលរួមផ្សព្វផ្សាយដល់មូលដ្ឋានរបស់ខ្លួនមិនត្រូវដុតសំរាម ដុតជញ្ជ្រាំងស្រូវ ដុតព្រៃ ដែលជះផលអាក្រក់ដល់គុណភាពខ្យល់ ហើយវាសុទ្ធសឹងជះផលអវិជ្ជមានដល់សុខភាពរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងដោយបញ្ជាក់បន្ថែមថាខេត្ត ពោធិ៍សាត់ ស្វាយរៀង បន្ទាយមានជ័យដែលមានគុណភាពខ្យល់ធ្លាក់ចុះដែលមានថ្ងៃខ្លះធ្លាក់ដល់កម្រិតក្រហម ទឹកក្រូច និង លឿងជាដើម។

ដោយឡែក ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់បានថ្លែងដោយអំពាវនាវដល់អាជ្ញាធរថ្នាក់ឃុំ ស្រុក ត្រូចូលរួមទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋដុតសំរាម ដុតជញ្ជ្រាំងស្រូវ និងព្រៃដែលជាចំណុចមួយនាំឱ្យបង្កើតជាតិខ្យល់ពុល។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា៖មន្រ្តីមូលដ្ឋានត្រូវមានវិធានការចូលរួម ហើយទប់ស្កាត់ទាំងអស់គ្នាទើបយើងទទួលបានជោគជ័យ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ក្រសួងបរិស្ថានបានស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ប្រសិនបើមានករណីភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះខេត្តពោធិ៍សាត់ស្ថិតនៅក្នុងចំណោមខេត្តមួយចំនួនទៀតនៅកម្ពុជាដែលមានគុណភាពខ្យល់ធ្លាក់ចុះ ដែលក្នុងនេះគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះដែរក្នុងរយៈពេលអំឡុងចុងខែមករា ដោយអូសបន្លាយពេលរហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥ខ្យល់ពុលនៅតែវាយលុកនៅប្រទេសជិតខាង និងក៏ដូចជាប្រទេសកម្ពុជានៅឡើយ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុម0B

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner