រដ្ឋមន្ត្រីក្រសួងកសិកម្មកោតសសើរគម្រោង CAPFISH-Capture និង សាជីវកម្ម CGCC ចំពោះវឌ្ឍនភាពដែលសម្រេចបានកន្លងមក

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសសើរគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) និង សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ចំពោះវឌ្ឍនភាពដែលសម្រេចបានមកដល់ពេលបច្ចុប្បន្ននេះ ។

គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មបែបនេះធ្វើឡើងក្នុងពិធីអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហរិញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នាថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឌិត ទីណា បានលើកលើកឡើងដោយបញ្ជាក់ថា៖សម្រាប់បទពិសោធជោគជ័យនៃគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែអាចលើកកម្ពស់កំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៃ អនុវិស័យកសិកម្ម និងជលផលរបស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងដោយបញ្ជាក់បន្ថែមថា៖ «កម្មវិធី ISF ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងប្រព័ន្ធអង្កេតដាន គឺជាគំនិតផ្ដួចផ្ដើមដ៏ល្អៗ ដែលនឹងរួមចំណែកបង្កើនផលិតផលសរុបក្នុងស្រុក (GDP) និងជំរុញឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់និរន្តរភាពនិងភាពប្រកួតប្រជែងរបស់វិស័យជលផលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នាថ្ងៃនេះ បានប្រគល់កញ្ចប់គាំទ្រជាផ្លូវការដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដែលមានសហគ្រាសជាងពាក់កណ្តាលគ្រប់គ្រងដោយស្រ្តី។

កម្មវិធី ISF ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៤ ក្នុងគោលដៅគាំទ្រដល់សហគ្រាសជាង ១០០ ក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាព និង គ្រប់គ្រងដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

សម្រាប់គម្រោង CAPFISH-Capture គឺជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន (CAPFish) របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។ គម្រោងនេះ អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដើម្បីលើកស្ទួយនិងកែលម្អប្រតិបត្តិការរបស់សហគ្រាសជលផលក្នុងស្រុក។

លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បាន លើកឡើងពីផលជះផ្នែកសង្គមនៃកម្មវិធី ISF នេះ ដោយកត់សម្គាល់ថា៖ «ខ្ញុំជឿជាក់លើផលជះនៃសុវត្ថិភាពម្ហូបអាហារថាពិតជាកត្តាជំរុញដ៏សំខាន់មួយដល់កំណើនសេដ្ឋកិច្ច។ នៅពេលដែលសហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារសុវត្ថិភាពម្ហូបអាហារ រួមទាំអការអនុវត្តប្រព័ន្ធអង្កេតដាន សហគ្រាសទាំងនោះនឹងមិនត្រឹមតែអាចរីកចម្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ បន្ថែមលើការបង្កើតការងារ ជាពិសេសសម្រាប់ស្ត្រី និងលើកកម្ពស់សុខភាពសាធារណៈ។

គួរបញ្ជាក់ថាតាមរយៈកម្មវិធី ISF នេះ គម្រោង CAPFISH-Capture បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយទៀតរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា ដោយធានាថាសហគ្រាសក្នុងស្រុកមានការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកល។ គំនិតផ្តួចផ្តើមនេះ បានរួមចំណែកពង្រឹងភាពធន់របស់សេដ្ឋកិច្ចជាតិនិងសុខភាពសាធារណៈ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner