មូលដ្ឋានចាំបាច់បំផុតសម្រាប់សហគមន៍កសិកម្មទំនើប គឺការផលិត​បានទាន់ពេលវេលា

បន្ទាយមានជ័យ៖មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជាអនុសាសន៍ថា ការផលិតកសិផល បានទាន់ពេលវេលាតាម​តម្រូវការទីផ្សារ ជាមូលដ្ឋានចាំបាច់បំផុតសម្រាប់សហគមន៍កសិកម្មទំនើប។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ឆ្នាំ២០២៤​នាទីស្នាក់ការ​គណបក្សខេត្តកាលពីថ្ងៃទី៧ ខែកុម្ភៈឯកឧត្តម មាស ពិសិទ្ធ រដ្ឋលេខាធិការក្រសួងកសិកម្មបានបញ្ជាក់ថា ឆ្លើយតបទៅ​នឹង​សេដ្ឋកិច្ចទីផ្សារ ប្រជាកសិករ ឬសហគមន៍កសិកម្មទំនើប ត្រូវធ្វើការដាំដុះ​ដំណាំកសិកម្មនីមួយៗដែលធានាបាន​ទាំងបរិមាណ គុណភាព ពេលវេលា និងតម្រូវការទីផ្សារ។នេះជាមូលដ្ឋានចាំបាច់បំផុតសម្រាប់កសិកម្មទំនើប ។

ឯកឧត្តម មាស ពិសិទ្ធ បន្តថា ទន្ទឹមនឹងការផលិតបានឆ្លើយតបទីផ្សារ អ្នកដឹកនាំសហគមន៍កសិកម្មទំនើប​ក៏ត្រូវមាន​ភាពឈ្លាសវៃផងដែរ។ឯកឧត្តមនិយាយបន្ថែមថា ក្រសួងកសិកម្ម​បាននិងកំពុងរកដៃគូពាក់​ព័ន្ធវិស័យកសិកម្ម​និងគាំទ្រ​ទុនដល់ការផលិតកម្មរបស់សហគមន៍​កសិកម្មទំនើបតាមរយៈ រដ្ឋឬឯកជនដោយភ្ជាប់ទំនាក់ទំនងរវាងគ្នា។

ចូលរួមផ្តល់អនុសាសន៍ក្នុងឱកាសនេះឯកឧត្តម កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជានិង​ប្រធាន​ក្រុមការងាគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានជំរុញដល់ រដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន ខិតខំលើកទឹកចិត្តកសិករចូលរួម​ចង​ក្រងជាសហគមន៍កសិកម្មទំនើប ប្រយោជន៍ធានានូវការផលិត​សម្រាប់ទី​ផ្សារកសិផល និងធានានូវប្រាក់ចំណូល​ដែលជាកម្មវិធីនយោបាយរបស់​រាជរដ្ឋាភិបាល ។ឯកឧត្តមបន្តដោយ​យកចិត្តទុកដាក់ កែលំអសហគមន៍​កសិកម្មដែលមានស្រាប់ជាង១ ២០០​សហគមន៍​ទូទាំងប្រទេស​និងចងក្រងថ្មី​ឱ្យទៅ​ជាសហគមន៍​កសិកម្មទំនើប ៕
ដោយ ៖គៀន ច័ន្ទហ៊ីន

ads banner