អាចម៍ផ្កាយដ៏ធំមួយនឹងវាយប្រហារភពផែនដីនៅឆ្នាំ ២១៨២
វ៉ាស៊ីនតោន ៖ អាចម៍ផ្កាយមានឈ្មោះថា Bennu ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ជាអាចម៍ផ្កាយនៅជិតផែនដីនោះ បច្ចុប្បន្នកំពុងខិតជិតផែនដីបំផុតរៀងរាល់ ៦ឆ្នាំម្តង នៅចម្ងាយប្រហែល ២៩៩,០០០គីឡូម៉ែត្រ។
អាចម៍ផ្កាយ Bennu អាចនឹងខិតមកកាន់តែកៀកផែនដីនៅពេលអនាគត ដោយអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា មានឱកាសមួយដែលអាចម៍ផ្កាយនេះ អាចនឹងហោះបុកជាមួយផែនដីនៅខែកញ្ញា ឆ្នាំ ២១៨២។
ប្រសិនបើអាចម៍ផ្កាយ Bennu ហោះបុកផែនដីនោះ ក្រៅពីការបំផ្លិចបំផ្លាញភ្លាមៗ វាត្រូវបានគេប៉ាន់ប្រមាណថា នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ប្រៀបដូចចាក់ធូលីពី ១០០ ទៅ ៤០០លានតោនទៅក្នុងបរិយាកាស ដែលបណ្តាលឱ្យមានការរំខានដល់អាកាសធាតុ គីមីសាស្ត្របរិយាកាស និងការសំយោគរស្មីសំយោគជាសកល ដែលមានរយៈពេលពី ៣ ទៅ ៤ឆ្នាំ។
បើតាមការរំពឹងទុករបស់ក្រុមអ្នកស្រាវជ្រាវ បើសិនអាចម៍ផ្កាយហោះបុកផែនដី នោះនឹងបង្កើតឱ្យមានរលកដ៏ខ្លាំងក្លា ការរញ្ជួយដី ភ្លើងឆេះព្រៃ និងវិទ្យុសកម្មកម្ដៅ ដែលបន្សល់ទុកនូវរណ្ដៅដែលមានចន្លោះប្រហោង និងបញ្ចេញកំទេចកំទីដ៏ច្រើនសន្ធឹកសន្ធាប់ឡើងលើអាកាស។
ទោះបីជាយ៉ាងណា អង្គការ NASA ក្នុងឆ្នាំ ២០២២ បានអនុវត្តបេសកកម្មការពារភពផែនដី ដោយប្រើយានអវកាស DART របស់ខ្លួន ហោះទៅបំបុកអាចម៍ផ្កាយ Dimorphos ដើម្បីផ្លាស់ប្តូរគន្លងរបស់វា។ ហើយ NASA ត្រូវបានរំពឹងថា នឹងធ្វើបែបនេះទៀតនាពេលអនាគត ប្រសិនបើអាចម៍ផ្កាយណាមួយលេចឡើងនៅលើផ្លូវហោះមកបុកជាមួយភពផែនដីយើង។
សូមរម្លឹកថា អាចម៍ផ្កាយមួយដែលត្រូវបានគេប៉ាន់ប្រមាណថា មានទំហពី ១០ទៅ១៥គីឡូម៉ែត្រដ៏ធំសម្បើមបានវាយប្រហារឆ្នេរសមុទ្រនៃឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក កាលពី ៦៦លានឆ្នាំមុន ដោយវាបានបំផ្លាញប្រហែល ៣ភាគ៤នៃប្រភេទសត្វរបស់ពិភពលោក និងបញ្ចប់អាយុកាលនៃសត្វដាយណូស័រ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល៖ ឈឹម ទីណា