អាមេរិកនឹងដាក់ទោសអ្នកប្រើ Deepseek ឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យដល់ ១០០ លានដុល្លារ
វ៉ាស៊ីនតោន ៖ សេចក្តីព្រាងច្បាប់ថ្មីដែលទើបណែនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក Josh Hawley (R-MO) កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយសារតែវានឹងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ចំពោះអ្នកហ៊ានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន ជាពិសេសកម្មវិធី DeepSeek ពោលគឺនឹងជាប់ពន្ធធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១ដល់១០០ លានដុល្លារ។
សេចក្តីព្រាងច្បាប់ដែលលោក Hawley បានដាក់កាលពីសប្តាហ៍មុន មានគោលបំណងហាមឃាត់ពលរដ្ឋអាមេរិក ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន ទោះបីក្នុងគោលបំណងអ្វីក៏ដោយ។ ទន្ទឹមគ្នា ក្រុមអ្នកវិភាគបាននិយាយថា ច្បាប់ដែលបានស្នើឡើងនេះ បើសិនត្រូវបានអនុម័ត នោះវានឹងលុបបំបាត់ការប្រើប្រាស់ DeepSeek របស់ចិន ជាគូប្រកួតប្រជែង AI ដែលកំពុងលេចធ្លោនៅក្នុងសហរដ្ឋអាមេរិក។
នៅក្រោមច្បាប់ដែលបានស្នើឡើងដោយលោក Hawley រាល់បច្ចេកវិទ្យា ឬកម្មសិទ្ធិបញ្ញា ដែលបង្កើតឡើងនៅក្នុងប្រទេសចិន នឹងត្រូវបានហាមឃាត់ពីការនាំចូលទៅកាន់សហរដ្ឋអាមេរិក។ នរណាម្នាក់ដែលបានរកឃើញថា បំពានលើការរឹតបន្តឹងនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ ១លានដុល្លារសម្រាប់បុគ្គល និង ១០០លានដុល្លារសម្រាប់ក្រុមហ៊ុន។
គិតត្រឹមដើមឆ្នាំ ២០២៥នេះ DeepSeek ត្រូវបានរំពឹងថា មានអ្នកប្រើប្រាស់ចន្លោះពី ៥ទៅ៦លាននាក់នៅជុំវិញពិភពលោក ក្នុងនោះប្រហែល ២.៦លាននាក់បានទាញយកកម្មវិធី DeepSeek ប្រើនៅលើទូរសព្ទដៃ។ សហរដ្ឋអាមេរិក និងអង់គ្លេស គឺជាប្រទេសដែលមានតួលេខនៃអ្នកប្រើ DeepSeek ច្រើនជាងគេបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-32-19-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_08-32-15-1024x682.jpg)