NASA បញ្ចេញគ្រឿងយន្តរុករករ៉ែនៅភពព្រះចន្ទ អាចជីកដីបាន ១ម៉ឺនគីឡូក្រាមក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន ៖ NASA បានបញ្ចេញគ្រឿងយន្តរុករករ៉ែនៅភពព្រះចន្ទ ហៅកាត់ IPEx ដែលវាមានសមត្ថភាពពិសេស អាចជីកដីបានទម្ងន់ ១០,០០០គីឡូក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងទម្ងន់ដំរី ២០ក្បាល ហើយ NASA គ្រោងនឹងដាក់ដំណើរការវានៅលើភពព្រះចន្ទនាពេលអនាគត។

IPEx ជាគ្រឿងយន្តពិសេសមួយ បង្កើតឡើងមានគោលបំណងពីរយ៉ាង មួយគឺដើរតួជាម៉ាស៊ីនឈូសឆាយ និងមួយទៀតដើរតួជាឡានចាក់សំរាម។ ប្រព័ន្ធគ្រឿងយន្តនេះ នឹងគាំទ្រដល់ប្រតិបត្តិការជីកកកាយដីនៅលើភពព្រះចន្ទ ដោយជួយមនុស្សងាយស្រួលទាញយកធនធានសំខាន់ៗនៅលើភពមួយនេះ។

ភារកិច្ចស្នូលរបស់វា គឺការជីកយករ៉ែប្រកបដោយប្រសិទ្ធភាព និងដឹកជញ្ជូនថ្មម្យ៉ាងឈ្មោះថា regolith ដែលគ្របដណ្តប់ភាគច្រើននៅលើផ្ទៃភពព្រះចន្ទ។ ថ្ម regolith នេះ មានសក្តានុពលសម្រាប់កិច្ចការស្រាវជ្រាវ និងទាញយកធនធានសំខាន់ៗ មានដូចជាអ៊ីដ្រូសែន អុកស៊ីហ្សែន និងសូម្បីតែទឹក។

លោក Jason Schuler ប្រធានគម្រោង IPEx និងជាអ្នកស៊ើបអង្កេតសំខាន់នៅមជ្ឈមណ្ឌលអវកាស Kennedy បាននិយាយថា IPEx គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ NASA ក្នុងការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន សម្រាប់ការរុករកនៅលើភពព្រះចន្ទ។

លោក Jason Schuler បានបន្ថែមទៀតថា IPEx ក៏ជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ NASA ដើម្បីបង្កើតវត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើភពព្រះចន្ទ និងភពនៅទីអវកាសដទៃទៀត៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner