តួកគីចាប់ខ្លួនពួករដ្ឋអ៉ីស្លាម IS ជាង ១៦០នាក់ នៅទូទាំង ២១ខេត្ត

អង់ការ៉ា ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរតួកគីបានចាប់ឃុំខ្លួនជនសង្ស័យនៃក្រុមរដ្ឋអ៊ីស្លាម (IS) ចំនួន ១៦៤នាក់ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោករដ្ឋមន្ត្រីបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ប្រតិបត្តិការដែលមានឈ្មោះថា “Gurz-44” ត្រូវបានអនុវត្តនៅទូទាំង ២១ខេត្ត រួមទាំងទីក្រុងអ៊ីស្តង់ប៊ុល។

លោករដ្ឋមន្ត្រីបន្តថា អាជ្ញាធរបានកំណត់មុខក្រុមជនសង្ស័យមានជាប់ពាក់ព័ន្ធយ៉ាងសកម្ម នៅក្នុងប្រតិបត្តិការពួកភេរវកររដ្ឋអ៉ីស្លាម IS និងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ក្រុមនេះផងដែរ។

លោក Yerlikaya បន្ថែមថា កងកម្លាំងសន្តិសុខតួកគីបានរឹបអូសអាវុធគ្មានអាជ្ញាប័ណ្ណ រួមទាំងកាំភ្លើងខ្លី កាំភ្លើងវែង និងសម្ភារៈឌីជីថលមួយចំនួនធំ ក្នុងអំឡុងពេលវាយឆ្មក់។

លោក Yerlikaya បានបញ្ជាក់យ៉ាងដូច្នេះថា សាមគ្គីភាពសង្គម និងតម្លៃរួមគ្នារបស់យើង គឺស្ថិតក្នុងចំណោមយន្តការការពារដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការរីករាលដាលនៃអំពើភេរវកម្ម។ ហើយយើងប្តេជ្ញាលុបបំបាត់អំពើភេរវកម្មចេញពីប្រទេសរបស់យើង តាមរយៈការតស៊ូរួមគ្នា។

ប្រទេសតួកគីបានចាត់តាំងពួករដ្ឋអ៉ីស្លាម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ ២០១៣ ដោយបានស្តីបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសខ្លួន។ ទន្ទឹមគ្នា អាជ្ញាធរតួកគីបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់ពួករដ្ឋអ៉ីស្លាម IS៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner