អភិបាលខេត្ត៖បញ្ហាគ្រឿងញៀន អាចលុបបំបាត់បាន និងទប់ស្កាត់បានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា
បាត់ដំបង៖គ្រឿងញៀន គឺជាបញ្ហាប្រឈមនៅក្នុងសង្គមនិងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការរួមគ្នាដោះស្រាយនិងលុបបំបាត់។បញ្ហាទាំងនេះ អាចលុបបំបាត់បាន និង ទប់ស្កាត់បានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា។នេះជាការបញ្ជាក់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង ក្នុងពិធីផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ជូនដល់អាជ្ញាធរ សមត្ថកិច្ច និងគ្រប់កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានបន្តដោយគូសរំលេចថា ពិធីផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន គឺមានសារៈសំខាន់ណាស់។ជាការក្រើនរំលឹកនិងជំរុញ ដល់គ្រប៎កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ហើយក៏ជាចំណេះដឹងមូលដ្ឋាន សម្រាប់សកម្មភាពបង្កើននូវស្មារតីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្នុងខេត្ត។
ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអនុវត្តនិងទប់ស្កាត់នូវរាល់ករណីគ្រឿងញៀន បារីអេឡិចត្រូនិកផ្សេងៗឱ្យបានដាច់ខាត។ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនិងឱ្យទូលំទូលាយ ជាពិសេសនៅតាមគ្រឹះស្ថានសាលារៀន ទីសាធារណៈ ទីប្រជុំជននានា។ល។ត្រូវចុះបង្រ្កាបឱ្យអស់ នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវដើម្បីមុខមាត់ខេត្តបាត់ដំបង និងដើម្បីប្រទេសមានសុខសុវត្ថិភាព៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-30-16-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-30-21-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-30-20-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-30-19-2-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-30-19-1024x576.jpg)
អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.