ឯកឧត្ដមម៉ប់ សារិន ៖ សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ម៉ប់ សារិន បានឱ្យដឹងថា ៖ សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា ដែលនេះជាការងារចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទីនិងភារកិច្ចរបស់ខ្លួន ថាតើ ក្រុមប្រឹក្សាមានទំនាក់ទំនងបែបណាជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតូនាទីនិងភារកិច្ចអ្វីខ្លះ ។
ការលើកឡើងរបស់ ឯកឧត្ដម ម៉ប់ សារិន នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមាន ឯកឧត្ដម កើត ឆែ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផងដែរ ។
ឯកឧត្ដម ម៉ប់ សារិន បន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំលេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គិភ័យ បើទោះបី បានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ និងកងកម្លាំង យើងអាចទប់ស្កាត់និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លាបានល្អនិងទាន់ពេលវេលា។ ការងារនេះអនុវត្តបានល្អដោយមានការចូលរួមសហការគ្នាបានល្អរវាងអាជ្ញាធរនិងមន្ទីរសុខាភិបាល ។ សង្ឃឹមថា កិច្ចការងារនេះនឹងដំណើរការបានល្អនៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជម្ងឺក្រុនឈាម។
ឯកឧត្ដមម៉ប់ សារិន បានលើកឡើងពី ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង(ផ្លូវលេខ២៤០)នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពិតជាទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ បើទោះបី ការបើកសាកល្បងនេះមិនទាន់គ្រប់ជ្រុងជ្រោយ ប៉ុន្តែ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ហើយថា នឹងបន្តរៀបចំឱ្យកាន់តែល្អថែមទៀត ជាមួយការបំពេញបន្ថែមចំពោះអ្វីខ្វះខាតនៃការរៀបចំផ្លូវថ្មើជើង(Walk street)ថ្មីនេះ។
គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៦ក្នុងនោះរួមមាន៖ ១- អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។
២- ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់ ឯកឧត្តម សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបួនលើកជាប់គ្នា។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤ ។
៦- បញ្ហាផ្សេងៗ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ