រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទនិងអភិបាលខេត្តកំពង់ធំចុះពិនិត្យមើលស្ថានភាពស្ពានដែកចាស់ទ្រុឌទ្រោម និងការដ្ឋានធ្វើផ្លូវ
កំពង់ធំ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ធកាលពីថ្ងៃទី៥ ខែកុម្ភៈ បានអញ្ជើញពិនិត្យការដ្ឋានធ្វើផ្លូវក្រាលក្រួសក្រហមមួយកន្លែង ស្រុកប្រាសាទសំបូរ និងពិនិត្យស្ពានដែកអូរមៀន នៅស្រុកសណ្តាន់ ដែលមានស្ថានភាពទ្រុឌទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ។
បើតាមឯកឧត្តម ឆាយ ឫទ្ធិសែន ផ្លូវដីមួយខ្សែនេះ ត្រូវបានប្រជាពលរដ្ឋ នៅភូមិវាលវែង ឃុំឈូក បានស្នើសុំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសាងសង់ផ្លូវដីមួយខ្សែនេះ ឱ្យក្លាយទៅជាផ្លូវក្រាលក្រួសក្រហមប្រវែង ១៣គីឡូម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាសម្រាប់ដឹកកសិផលផ្សេងៗ ។ផ្លូវនេះកសាងដោយមន្ទីរអភិវឌ្ឍន៍ជនបទ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរចុះពិនិត្យមើលស្ពានដែកអូរមៀន ស្ថិតនៅចំណុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ដែលមានស្ថានភាពចាស់ទ្រុឌទ្រោម ។កន្លងទៅអាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណើង ស្តីពីការបិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពាននេះ ដោយអនុញ្ញាតឱ្យតែយានយន្តធុនតូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ។
ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំឯកឧត្តម នួន ផារ័ត្ន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់សម្តេចធិបតីដែលបានចាត់តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យស្ថានភាពជាក់ស្តែង និងជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋបានទាន់ពេលវេលា ។ឯកឧត្តមក៏បានរំលឹកដល់ប្រជាពលរដ្ឋផងដែរ ថា បន្ទាប់ផ្លូវ និងស្ពានដែកត្រូវបានសាងសង់ និងជួសជុលរួចរាល់ សូមចូលរួមចំណែកថែរក្សាផ្លូវ-ស្ពានឱ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ប៊ុន រដ្ឋា