អភិបាលរាជធានីភ្នំពេញ និង ឯកអគ្គរដ្ឋទូតគុយបា សង្ឃឹមថានឹងមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាន និង ទីក្រុងភ្នំពេញ
(ភ្នំពេញ)៖ ក្នុងជំនួបរវាង ឯកឧត្តម ឃួង ស្រេង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវមីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយនូវទំនាក់ទំនង អំពីវប្បធម៌ប្រពៃណីដ៏ផូផង រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថា អាចមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាន និងទីក្រុងភ្នំពេញផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានរំលឹកឡើងនូវគុណនូបការ របស់សាធារណរដ្ឋគុយបា ជាមិត្តចាស់ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និងកសិកម្មនាពេលកន្លងមក ពោលរាប់ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា នាអំឡុងឆ្នាំ១៩៧៩ និង១៩៨០ ជាពិសេសការជួយរបស់គុយបា មកកាន់កម្ពុជា ក្រោយកម្ពុជារំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគុយបា បានរួមចំណែកយ៉ាងធំធេញ លើការអភិវឌ្ឍប្រទេសកម្ពុជា ។
ឯកឧត្តមអភិបាល បានរំលឹកថា ចំណងការទូត ដែលផ្តួចផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និង ឯកឧត្តម Fidel Castro បានធ្វើឱ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះឱ្យរួចពីការកាប់សម្លាប់ពីរបប ប៉ុល ពត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសការទូត ប្រចាំកម្ពុជានាពេលនោះ ក៏បានរៀបចំទំនាក់ទំនង ជាមួយបណ្តាប្រទេសជាច្រើន ដោយឡែក គុយបា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានធ្វើកិច្ចការការទូត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតគុយបា នូវការត្រៀមលក្ខណៈរួចរាល់របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែង លើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូតរបស់លោកជំទាវ ក្នុងទីក្រុងភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញផងដែរ ។
ជាការឆ្លើយតប លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា បានថ្លែងអំរគុណចំពោះ ឯកឧត្តម ឃួង ស្រេង បានអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យបរិស្ថានជុំវិញស្ថានទូត និងជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រីនៃស្ថានទូតគុយបាដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ។
ក្នុងនោះលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា ក៏បានស្នើដល់ ឯកឧត្តម ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរក នូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថាសាលាគុយបា កាលពីអតីតកាល នឹងអាចឱ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈដែលកិច្ចការងារនេះ ឯកឧត្តម ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រចំពោះកិច្ចការមួយចំនួន ដែលជាសំណើររបស់លោកជំទាវឯកអគ្គរដ្ឋទូត ។
ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់អនុសាសន៍ ឱ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យនិងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឱ្យសមនឹងតម្លៃនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-40-53-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-40-53-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-40-56-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-40-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_14-40-50-1024x682.jpg)
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ