រដ្ឋសភាកម្ពុជា និង ហុងគ្រី ពង្រឹងវិស័យការទូតសភា ភ្ជាប់ទំនាក់ទំនង ប្រជាជន និងប្រជាជនដើម្បីពលរដ្ឋ និង សន្តិភាព

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនិងមិត្ដភាព នៅកម្ពុជា ។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា លោកជំទាវ ម៉ាតា ម៉ាត្រៃ គឺជាថ្នាក់ដឹកនាំស្រ្តី នៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥។

សម្តេចពិតជាមានមោទនភាពជាទីបំផុតដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បន្តថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវ និង គណៈប្រតិភូ នៅកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយទៀត សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥ កន្លងទៅ។ ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។

លោកជំទាវ ម៉ាតា ម៉ាត្រៃ បានចូលរួមអបអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី ដែលមានអតីតសិន្សិតខ្មែរមួយរូបធ្លាប់បានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំរដ្ឋសភានាពេលនេះ ។

លោកជំទាវ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាហុងគ្រីមកកាន់កម្ពុជានាពេលនេះ ក្រៅពីការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការពង្រឹងវិស័យការទូតសភាដើម្បីមនុស្សជាតិលើភពផែនដី ។ ហុងគ្រីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំជាមួយកម្ពុជា ។ នៅក្នុងវិស័យអប់រំ ហុងគ្រីនឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់កម្ពុជា ព្រមទាំងបានស្នើជូន សម្តេចប្រធានរដ្ឋសភា ជួយលើកទឹកចិត្តដល់យុវជន សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ លោកជំទាវ ក៍បានពាំនាំការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជូនចំពោះសម្តេចប្រធានរដ្ឋសភា ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅហុងគ្រីនាពេលខាងមុខផងដែរ។

សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ដោយសន្យាថានឹងរកពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោកជំទាវ ម៉ាតា ម៉ាត្រៃ បានវាយតម្លៃខ្ពស់ពីតួនាទីនិងសារៈសំខាន់នៃការងារការទូតសភា ក្នុងការចូលរួមចំណែកបន្ថែមលើការងារការទូតរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្នដើម្បីមនុស្សជាតិនៅលើភពផែនដី នៅក្នុងស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ដោយសារការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយដូចពេលបច្ចុប្បន្ននេះ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner