សន្និសីទអន្តរជាតិស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោម ឆ្នាំ២០២៥ប្រារព្ធនៅខេត្តសៀមរាប
សៀមរាប៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងសាកលវិទ្យាល័យ Charles Sturt (អូស្ត្រាលី)បានរៀបចំសន្និសីទអន្តរជាតិលើកទី ២ ស្តីពី ជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោម។ សន្និសីទនេះប្រព្រឹត្តទៅនៅសណ្ឋាគារបុរីអង្គររីសត&ស្ប៉ា ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងអង្គភាពជាតិ និងអន្តរជាតិ។
សន្និសីទនេះបានប្រពឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ដឹរីក យីប ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, ឯកឧត្តម ណៅ ធួក សមាជិករដ្ឋសភាកម្ពុជា, លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប, លោកស្រី Wendy Umberger នាយកប្រតិបត្តិ ACIAR, និងតំណាងអង្គភាពជលផលពីប្រទេសឡាវ, ថៃ, វៀតណាម និងឥណ្ឌូនេស៊ី។
លោក អ៊ឹង គឹមលាង បានលើកឡើងថា សន្និសីទនេះមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានជលផល និងការប្រើប្រាស់បច្ចេកវិទ្យាសាងសង់ជណ្តើរត្រី។ ជណ្តើរត្រីជាសំណង់សំខាន់ក្នុងការពារសត្វត្រី និងធានាសន្តិសុខស្បៀងសម្រាប់សហគមន៍ដែលអាស្រ័យលើវិស័យនេសាទ។ទន្លេមេគង្គ ជាកន្លែងសម្បូរត្រីបំផុតមួយលើពិភពលោក ដែលមានប្រភេទត្រីជាង ១ ០០០ ប្រភេទ។
លោកអភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា កម្ពុជា មានប្រព័ន្ធទឹកធំៗដូចជា ស្ទឹងជីក្រែង, ស្ទឹងសៀមរាប, ស្ទឹងផ្ទាំង, និងស្ទឹងស្រែង ដែលមានទំនប់ធារាសាស្ត្រសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។
លោកស្រី Wendy Umberger បានអះអាងថា ជណ្តើរត្រីជាការប្រែប្រួលបច្ចេកទេសដ៏ល្អសម្រាប់ការបណ្តាលសត្វត្រីឱ្យអាចផ្លាស់ទីឆ្លងកាត់ទំនប់បានយ៉ាងសុវត្ថិភាព។ វាជួយរក្សាបានប្រព័ន្ធអេកូឡូស៊ីនិងធានាថា សន្តិសុខស្បៀង និងជីវភាពសហគមន៍នេសាទ នៅក្នុងតំបន់មេគង្គក្រោម អាចមាននិរន្តរភាព។
ចំណែកឯកឧត្តម ឃុន សាវឿន បានបញ្ជាក់ថា ក្រសួងកសិកម្មកំពុងពង្រឹងការស្រាវជ្រាវអំពីការផ្លាស់ទីត្រី និងបច្ចេកវិទ្យាសាងសង់ជណ្តើរត្រី ដើម្បីបង្កើនផលិតភាពនៃវិស័យជលផល។ ការអភិវឌ្ឍវិស័យនេះក៏សម្របសម្រួលទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យកសិកម្ម និងធានាសន្តិសុខស្បៀង។
សន្និសីទនេះបានបង្ហាញពីតម្លៃនៃការរួមចំណែករបស់បណ្តាប្រទេសក្នុងតំបន់មេគង្គក្រោម ក្នុងការគ្រប់គ្រងធនធានជលផល និងការពារបរិស្ថាន។ ការជំរុញបច្ចេកវិទ្យាជណ្តើរត្រី និងការស្រាវជ្រាវអំពីការផ្លាស់ទីត្រីនឹងជួយពង្រឹងភាពចីរភាពនៃប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍អាស្រ័យលើនេសាទនៅអាស៊ីអាគ្នេយ៍៕
ដោយ៖ប៊ុនរដ្ឋា