នាង Karoline Leavitt ៖ ត្រាំធ្វើលើសពីការនិយាយ រឿងចង់យកហ្គាហ្សា
បរទេស ៖ លេខាធិការសារព័ត៌មានសេតវិមាន វ័យក្មេង នាង Karoline Leavitt កាលពីថ្ងៃពុធ បាននិយាយបញ្ជាក់បន្ថែម ចំពោះបំណងរបស់ប្រធានាធិបតី ត្រាំ លើការចង់បានហ្គាហ្សា ជាកម្មសិទ្ធិ ថា «សកម្មភាពធ្វើ ខ្លាំងជាងពាក្យសម្តី» ដែលមានន័យថា លោក ត្រាំ ធ្វើសកម្មភាព ច្រើនជាង ការនិយាយ។
មន្ត្រីសេតវិមាន វ័យមិនដល់៣០ឆ្នាំរូបនេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹង «ផ្លាស់ប្តូរទីលំនៅ» ជាបណ្តោះអាសន្ន សម្រាប់អ្នកស្រុក នៅតំបន់ហ្គាហ្សា ខណៈដែលលោកដាក់ផែនការ ក្នុងការកាន់កាប់ទឹកដីមួយនេះ សម្រាប់ការកសាងឡើងវិញ។
តែនៅពេលសួរថា តើលោក Trump មានសិទ្ធិអំណាចអ្វី ដើម្បីកាន់កាប់ទឹកដី អធិបតេយ្យភាព លេខាធិការសារព័ត៌មានសេតវិមាន នាង Karoline Leavitt បានឆ្លើយតបថា «មានមេដឹកនាំ និងមន្ត្រីជាច្រើន នៅជុំវិញពិភពលោក បានដាក់ការសង្ស័យច្រើន… ខ្ញុំគិតថា ត្រូវដឹងពីសមត្ថភាពដោះស្រាយ របស់ប្រធានាធិបតី Trump… ដូច្នេះ សកម្មភាព គឺខ្លាំងជាងពាក្យសម្ដី»។
គួររម្លឹកថា កាលពីថ្ងៃអង្គារ ក្នុងពេលមានវត្តមាន ជាមួយមេដឹកនាំអ៊ីស្រាអែល លោក ត្រាំ បាននិយាយថា លោកចង់យកតំបន់ហ្គាហ្សា ជាកម្មសិទ្ធិ ហើយបង្កើតការងាររាប់ពាន់កន្លែង នៅទីនោះ។ ហ្គាហ្សាជាតំបន់ កំពុងមានសង្គ្រាម រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ ប៉ាឡេស្ទីន តាំងពីចុងឆ្នាំ២០២៣ ស្លាប់មនុស្ស ជិត៥ម៉ឺននាក់មកហើយ ដោយសង្គ្រាមនេះ កើតចេញពីពួកហាម៉ាស់ ទៅវាយឆ្មក់អ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត