UN ច្រានចោលសំណើចង់យកហ្គាហ្សារបស់ត្រាំ

បរទេស ៖ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN បានច្រានចោល នូវសំណើចង់យកតំបន់ហ្គាហ្សា ជាកម្មសិទ្ធិ ហើយ UN ព្រមានប្រឆាំងនឹងសកម្មភាព បោសសម្អាតជនជាតិភាគតិច នៅទីនោះ ទៀតផង។

លោក Antonio Guterres បាននិយាយ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធ ទៅកាន់គណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលទាក់ទងនឹងសិទ្ធិរបស់ប៉ាឡេស្ទីន បន្ថែមទៀតថា «ការអនុវត្តសិទ្ធិ ដែលមិនអាចកាត់ផ្តាច់បាន របស់ប្រជាជនប៉ាឡេស្ទីន គឺ សំដៅលើសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការរស់នៅ ដូចមនុស្សធម្មតា នៅក្នុងទឹកដី របស់ពួកគេ»។

ជាមួយគ្នានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ដែលបានសួរ ជាពិសេស អំពីសំណើរបស់លោក Trump ដោយនិយាយថា «ការផ្លាស់ទីលំនៅ ដោយបង្ខំណាមួយ គឺ ស្មើនឹងការសម្អាតជនជាតិភាគតិច…វាចាំបាច់ណាស់ ដែលយើង ត្រូវរក្សាភាពស្មោះត្រង់ ចំពោះមូលដ្ឋាន នៃច្បាប់អន្តរជាតិ…វាចាំបាច់ណាស់ ក្នុងការជៀសវាង រាល់ទម្រង់នៃការបោសសម្អាតជនជាតិភាគតិច»។

គួររម្លឹកថា កាលពីថ្ងៃអង្គារ ក្នុងពេលមានវត្តមាន ជាមួយមេដឹកនាំអ៊ីស្រាអែល លោក ត្រាំ បាននិយាយថា លោកចង់យកតំបន់ហ្គាហ្សា ជាកម្មសិទ្ធិ ហើយបង្កើតការងាររាប់ពាន់កន្លែង នៅទីនោះ។ ហ្គាហ្សាជាតំបន់ កំពុងមានសង្គ្រាម រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ ប៉ាឡេស្ទីន តាំងពីចុងឆ្នាំ២០២៣ ស្លាប់មនុស្ស ជិត៥ម៉ឺននាក់មកហើយ ដោយសង្គ្រាមនេះ កើតចេញពីពួកហាម៉ាស់ ទៅវាយឆ្មក់អ៊ីស្រាអែល ស្លាប់មនុស្សជាង១ពាន់នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner