អាជ្ញាធរខេត្តកំពតអំពាវនាវដល់អ្នកទិញដីក្រុមហ៊ុនជាសារ៉ន មកដាក់​ពាក្យស្នើសុំកាត់ឈ្មោះនៅសប្តាហ៍ក្រោយ

កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអំពាវនាវដល់​ប្រជាពល​រដ្ឋដែលបានទិញដី និងទិញតូប ពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់​មកដាក់ពាក្យស្នើសុំកាត់​ឈ្មោះ​ចាប់ពីថ្ងៃចន្ទទី១០ ខែកុម្ភៈ ខាងមុខនេះ​តទៅនៅសាលាខេត្តកំពត  ដោយភ្ជាប់មកជាមួយនូវកន្ទុយ​សន្លឹកបង់​ប្រាក់ ខណៈដែលពាក្យស្នើសុំ ក្រុមការងារ នឹងចែកជូននៅទីតាំងទទួល​ពាក្យ អគារមហាជននៅសាលាខេត្តតែម្តង។

កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ ដែល​រងគ្រោះដោយសារ​ក្រុមហ៊ុនជា សារ៉ន ស្ថិតនៅក្នុងបរិវេណ វត្តអង្គចន្ទចរិយា ហៅវត្ត​អង្គល្បើក ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ដើម្បីជម្រាបជូន​យន្តការដោះស្រាយបន្ត ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពី​សំណាក់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។   

ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា ក្រោយពីបានដោះស្រាយ​នៅវត្តឈូក ដើម្បីដាក់ក្រុមហ៊ុនជា សារ៉ន នៅក្នុង​យន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់។ តុលាការក៏បានបង្កកទ្រព្យ និងបានឃាត់ខ្លួនជួរ​ថ្នាក់ដឹក​នាំក្រុមហ៊ុនផងដែរ។ដោយមាន​ការយកចិត្ត​ទុកដាក់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនិងឯកឧត្តម លាង សំណាត់ ប្រធានសាលាដំបូងខេត្ត អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ផងនោះ បានសហការគ្នា ទប់ស្កាត់បានទាន់​ពេលវេលា តាមនីតិវិធីច្បាប់។ ក្រោយពីតុលាការបានស្រាវជ្រាវ ត្រួតពិនិត្យ​ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ជាសារ៉ន និងទទួលបានលទ្ធផល​សព្វគ្រប់ហើយនោះ ក្រសួងក៏បានធ្វើរបាយការណ៍គោរពជូនទៅ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានស្នើសុំអនុសាសន៍​ដ៏ខ្ពង់ខ្ពស់ ក្នុងយន្តការនៃការដោះស្រាយផងដែរ។ សម្តេចធិបតី ក៏បានចារឱ្យ​ក្រសួងយុត្តិធម៌ អាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធមុខការ ហើយក៏បានសម្រចនូវយន្តការដោះ​ស្រាយចំនួន​៣នៅថ្ងៃនេះ។

គួររំលឹកថាសំណុំរឿងក្រុមហ៊ុន ជា សារ៉ន រៀលធី  ពាក់ព័ន្ធនឹង​ប្រជាពលរដ្ឋរងគ្រោះជាង៥ពាន់​គ្រួសារ។សាលាដំបូង​ខេត្តកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤  បានចេញសេចក្តីប្រកាសសម្រេច ១.បង្កកគណនីធនាគារ និងគ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុចំនួន៩៥គណនី។ ២. បង្កកអចលនវត្ថុ(ដី)ចំនួន១.៧៩១ក្បាលដី និង ៣.បានសម្រេច​ឃុំខ្លួនជន​ត្រូវចោទចំនួន១០នាក់៕
ដោយ៖ សិលា សារិន

ads banner