សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើពន្លឿនការធ្វើច្បាប់ប្រឆាំងនឹង​ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតចេញឱ្យបានឆាប់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ស្ថាប័ន និងជំនាញពាក់ព័ន្ធសូមជួយពន្លឿនធ្វើយ៉ាងណា ដើម្បីឱ្យច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Crime)ចេញឱ្យបានឆាប់។ ការស្នើរបស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលបានជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។ កម្ពុជាមិនត្រឹមតែធានាបាននូវស្ថិរភាពសេដ្ឋកិច្ចចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងអស់ជារៀងរាល់ឆ្នាំថែមទៀត។ ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿនរហ័ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ តាមយរៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រឹងលើការអនុវត្តសមត្ថភាពលើវិស័យឌីជីថលនេះបន្ថែមទៀត ជាពិសេសលើគោលនយោបាយរដ្ឋាភិបាលឌីជីល និងពលរដ្ឋឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាមានមុខពីរ ទីមួយវាបានជួយយើង ប៉ុន្ដែវាក៏បង្កហានិភ័យដល់យើងផងដែរ ដូច្នេះទាមទារឱ្យអ្នកប្រើត្រូវរៀនស្វែងយល់ និងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ សម្ដេចធិបតី បានបន្តទៀតថា ទិសដៅនៅពេលខាងមុខ គឺត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់យើង ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យដាក់ក្នុងប្រទេស ដើម្បីការពារសុវត្ថិភាពប្រព័ន្ធទិន្នន័យរបស់ប្រទេសយើង និងងាយនៅក្នុងការទាញយកមកប្រើប្រាស់៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner