ឆ្នាំមុន កូរ៉េខាងត្បូងរឹបអូសគីមឈីជិត ១១តោនពីអ្នកដំណើរតាមយន្តហោះ
សេអ៊ូល ៖ មន្ត្រីសន្តិសុខអនុវត្តច្បាប់គ្មានសារធាតុរាវ នៅព្រលានយន្តហោះអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូង បានរឹបអូសគីមឈីជិត ១១តោន ពីអ្នកដំណើរជាច្រើន ដែលបំពានការហាមឃាត់ដាក់វត្ថុរាវនៅក្នុងវ៉ាលីពួកគេកាលពីឆ្នាំ ២០២៤។
គីមឈី គឺជាមុខម្ហូបបែបប្រពៃណីរបស់កូរ៉េ (banchan) ដែលមានបន្លែលាយអំបិល និងផ្អាប់ទុក ដែលភាគច្រើនធ្វើពីស្ពៃក្តោបកូរ៉េ លាយជាមួយគ្រឿងទេសជាច្រើនទៀត។ គីមឈី ក៏ត្រូវបានគេប្រើក្នុងស៊ុប និងសម្លច្រើនប្រភេទទៀត ដោយសារវាជាអាហារសំខាន់ក្នុងមុខម្ហូបកូរ៉េ ហើយត្រូវបានគេទទួលទានជាគ្រឿងផ្សំជាមួយនឹងអាហារកូរ៉េស្ទើរគ្រប់មុខ។
យ៉ាងណា យោងតាមសេចក្តីប្រកាសរបស់អាកាសយានដ្ឋានអន្តរជាតិ Incheon បានឱ្យដឹងថា កាលពីឆ្នាំមុន មន្ត្រីសន្តិសុខនៅព្រលានយន្តហោះដ៏មមាញឹករបស់កូរ៉េខាងត្បូងនេះ បានរឹបអូសគីមឈីសរុបចំនួន ១០.៧តោនពីអ្នកដំណើរដែលបំពានលើការហាមឃាត់លើវត្ថុរាវនៅក្នុងវ៉ាលីពួកគេ។
មិនខុសពីព្រលានយន្តហោះជាច្រើនទៀតនៅជុំវិញពិភពលោក មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិ Incheon បានហាមឃាត់សារធាតុរាវ និងជែលលើសពី ១០០មីលីលីត្រ នៅក្នុងវ៉ាលីសម្រាប់ដាក់តាមខ្លួន ហើយគីមឈីត្រូវបានរឹបអូស ព្រោះវាត្រូវបានវេចខ្ចប់ទុកមុនក្នុងដប ក្រឡ ឬថង់ប្លាស្ទិក ហើយត្រាំក្នុងទឹកជ្រលក់ហឹរ ដែលត្រូវបានចាត់ទុកជាវត្ថុរាវ។
ក្រៅពីរឹបអូសគីមឈី នៅក្នុងឆ្នាំ២០២៤ មន្ត្រីព្រលានយន្តហោះអន្តរជាតិ Incheon ក៏បានរឹបអូសទឹកជ្រលក់ និងម្ស៉ៅគ្រឿងទេសប្រពៃណីកូរ៉េ Jang ចំនួន ១០,៥តោនផងដែរ។ បើតាមមន្រ្តីព្រលានយន្តហោះបានអះអាងថា រាល់ទំនិញដែលរឹបអូសបាន ជាទូទៅត្រូវបានបោះចោល ឬបរិច្ចាគ ប៉ុន្តែគីមឈីចំនួន ១០.៧តោនត្រូវបានបរិច្ចាគទៅមជ្ឈមណ្ឌលសុខុមាលភាពសហគមន៍ក្នុងតំបន់៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-07_08-29-30-1024x682.jpg)