អាមេរិកចាយជាង ៣០០លានដុល្លារ អភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹក
វ៉ាស៊ីនតោន ៖ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Lockheed Martin មានតម្លៃ ៣៨៣លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងនុយក្លេអ៊ែរ Trident II D5 Life Extension 2 (D5LE2)។
មីស៊ីលផ្លោងដែលត្រូវបានធ្វើឱ្យប្រសើរឡើងនេះ អាមេរិកគ្រោងដាក់ពង្រាយនៅលើនាវាមុជទឹកថ្នាក់ Columbia ដ៏ទំនើបបំផុតរបស់់ខ្លួន ដែលវាជាធាតុផ្សំយ៉ាងសំខាន់សម្រាប់យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។
សម្រាប់ក្រុមហ៊ុន Lockheed Martin មីស៊ីល D5LE2 នឹងដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់កងទ័ពជើងទឹក ដើម្បីរក្សាភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រ (SWS) របស់ខ្លួនរហូតដល់ឆ្នាំ ២០៨៤។
ការអភិវឌ្ឍន៍មីស៊ីលនេះ ក៏ស្របនឹងគោលបំណងដ៏ទូលំទូលាយ នៃកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានរំលឹកដល់បេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅដែនសមុទ្រប្រកបដោយនិរន្តរភាពឆ្នាំ ២០៨៤ (SBSD 2084)។
របាយការណ៍របស់គណៈកម្មាធិការរៀបចំយុទ្ធសាស្ត្រ bipartisan ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ ក៏បានទទួលស្គាល់ពីភាពចាំបាច់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍមីស៊ីល D5LE2 ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងបរិយាកាសមានការប្រកួតប្រជែង ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀតដែលជាគូប្រជែង៕
ប្រភព ៖ Interesting Engeneering ប្រែសម្រួល ៖ ឈឹម ទីណា