អធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១២០រូប ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌

(ភ្នំពេញ)៖ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិង​បណ្តុះ​បណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈសរុបចំនួន ១២០រូប បានបំពេញនីតិវិធីធ្វើ​សម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាល​យុត្តិធម៌។ ពិធីសម្បថនេះប្រព្រឹត្តទៅនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ។

នីតិសម្បទាជានគរបាល​យុត្តិធម៌នេះ ត្រូវបានផ្តល់ជូនអធិការ​ការងារ ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់​ពាក់ព័ន្ធនឹង​វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាពិសេស៖

១. ត្រួតពិនិត្យនិងតាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

២. លើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង​សុខ​ភាព​ការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនង​វិជ្ជា​ជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរ​ឡើង។

៣. ជំរុញរោងចក្រ សហគ្រាសគ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហ​គ្រាស​មួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការ​ដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុង​ទំនាក់​ទំនង​វិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់។

សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅតាមបណ្តាខេត្តនានាចំនួន ១៣៦រូបទៀត នឹងបំពេញ​នីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់។ ចំពោះមុខ អធិការការងារនៅ​មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុចំនួន ១១រូប បានបំពេញនីតិវិធីសម្បថរួចហើយ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ដើម្បីពង្រឹងកិច្ចការងារអធិការកិច្ចឱ្យកាន់​តែមាន​ប្រសិទ្ធភាព មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវៈបានទទួលវគ្គសុក្រឹតការ ស្តីពី ច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការ​ការងារផងដែរ។ វគ្គវិក្រឹតការទាំងនោះ ធ្វើឡើងក្នុងគោលបំណង​ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពអធិការកិច្ចការងារក្នុង​ការត្រួតពិនិត្យអនុវត្តលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង​សុខភាពការងារ របបសន្តិសុខសង្គម និងសេរីភាពសមាគម​នៅ​សហគ្រាស គ្រឹះស្ថាន ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានរៀបចំ​សកម្ម​ភាព​ការងារបន្តសម្រាប់ពង្រឹងសមត្ថភាពអធិការការងារផងដែរ ក្នុងនោះរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សះផ្សារវិវាទការងារដោយសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO, រៀបចំ​វគ្គបណ្តុះបណ្តាលដល់អធិការការងារ ដែលទទួលបាននីតិ​សម្ប​ទាន​ជានគរ​បាលយុត្តិធម៌ដោយសហការជាមួយក្រសួងយុត្តិធម៌​ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner