ថវិការចំនួន៣ម៉ឺន៥ពាន់ដុល្លា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលទទួលបានពី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៦ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣
ទឹកប្រាក់ចំនួន៣ម៉ឺន៥ពាន់ដុល្លា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលទទួលបានពីស្មារតីនៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៦ ក្រោមប្រធានបទ ( ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា)ត្រូវបានឯកឧត្តមទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកជំទាវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងការរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ។
លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា អ្នកជម្ងឺមកទទួលសេវា ពិនិត្យព្យាបាល ក្នុងមួយថ្ងៃៗ មិនលើស ពី៦០០ ទៅ៨០០នាក់ឡើយ ។ ម៉្យាងទៀតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប មានគ្រូពេទ្យ បុគ្គលិក កម្មករ និង សន្តិសុខបម្រើការងារនៅក្នុងមន្ទីរពេទ្យ សរុបចំនួន ១ពាន់២២៤នាក់ ។ លោកបានបន្តទៀតថា ក្នុងឆ្នាំ២០១៩ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ មន្ទីរពេទ្យទទួល បានអ្នកពិគ្រោះជម្ងឺកុមារចំនួន១៤៤ពាន់៨៤៩នាក់ និងទទួលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចំនួន ៣៣ពាន់៥៩៦ នាក់ កើន២៤% បើធៀបនឹងឆ្នាំ២០១៨ ។ ក្នុងនោះជម្ងឺគ្រុនឈាម មានចំនួន៤ពាន់៣១២នាក់ កើនឡើងជាងឆ្នាំមុន១០ដង និងធ្វើការវះកាត់បានចំនួន៥ពាន់៣៤៤នាក់ និងវះកាត់បេះដូងបាន៣៥៨នាក់ ។ ចំពោះពិគ្រោះស្រ្តីមានផ្ទៃពោះមានចំនួន៧ពាន់៧៧នាក់ និងទទួលសេវាសម្រាលកូនមាន១១ពាន់២៩៦នាក់ ដោយឥតគិតថ្លៃ ។
ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំនួន៣ម៉ឺន៥ពាន់ដុល្លា មកប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ហើយក៏ជាឆ្នាំលើកទី៥ផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ថវិកានេះ គឺទទួលបានពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៦៥ ក្រោមប្រធានបទ ( ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា )ក្នុងការទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ សំខាន់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ប្រធានស្ថានិក និងជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលកុមារ និងស្ត្រីកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ យើងគ្រប់គ្នាបានហៅលោកជាគ្រូពេទ្យទេវតា ដោយព្យាបាលជម្ងឺមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ ។ ទោះបីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner បានលាចាកលោកយើងក៏ពិតមែន តែក៏មានគ្រូពេទ្យចំណានៗបានបន្ត ដើមី្បសង្រ្គោះអាយុជីវិតកុមារកម្ពុជាយើង។ ម៉្យាងទៀតនេះក៏ជាកាយវិការដ៏សប្បុរសធម៌ របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងការរួមចំណែងទ្រទ្រង់សុខភាពមាតា និងកុមារកម្ពុជាយើង ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តនៅតែបន្តគាំទ្រសេវាព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឥតមានពេលបញ្ចប់ឡើយ ៕ ម៉ី សុខារិទ្ធ ភ្នាកងារខេត្តសៀមរាប