ភូមិចំនួន២ ក្នុងតំបន់៣ ទទួលបានការណត់តំបន់ធ្វើការវិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ
បន្ទាយមានជ័យ៖ ភូមិស្រមោច និងភូមិពាមស្រេះ នៅវាលស្រែតំបន់៣ ទំនាបបឹងទន្លេសាប ក្នុងឃុំ/ស្រុកព្រះនេត្រព្រះទទួលការណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ឋកាលពេលកន្លងទៅថ្មីៗនេះ ។
លោករ៉ូ ប៉ូរា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បានឲដឹងថា ៖ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្ត មានចំនួន ០៥ក្រុម ដែលកំពុងអនុវត្តការងារ គឺនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ឃុំចំណោម ស្រុកមង្គលបូរី, ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ,សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងនៅឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក បញ្ជាក់ថា : ខេត្តបន្ទាយមានជ័យបានធ្វើការចុះបញ្ជីដីធ្លីកន្លងមក មានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១២១,៥៩៤ប័ណ្ណ ក្នុងនោះមានការឧបត្ថម្ភគាំទ្រថវិកា ពីដៃគូអភិវឌ្ឍន៍នៃគម្រោងម្ចាស់ផ្តល់ជំនួយនានា និងពីថវិការាជរដ្ឋាភិបាលកម្ពុជា។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ កន្លងមកខេត្តបន្ទាយមានជ័យ ក៏ដូចជាស្រុកព្រះនេត្រព្រះ តំបន់គឺធ្លាប់មានបញ្ហាវិវាទដីធ្លីជាច្រើនបានកើតមានឡើង ព្រោះតែដីធ្លីទាំងនោះមិនទាន់បានចុះបញ្ជីឬមិនមានប័ណ្ណកម្មសិទ្ធិ ។
លោក បានអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្បាលដីនៅវាលស្រែ ក្បែរតំបន់៣ទំនាបបឹងទន្លេសាបនេះ ថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់ណាស់៕ ដោយ៖ឃិន គន្ធា