អុញនុះ..! ! ជនជាតិចិនម្នាក់ ដែលនាំលុយជិត១លានដុល្លារចូលមកកម្ពុជា ត្រូវតុលាការចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត ដោយជនជាតិចិនម្នាក់នេះជាប់ពាក់ព័ន្ធករណីដឹកលុយជាង៨៥ម៉ឺនដុល្លារអាមេរិក ពីទីក្រុងហុងកុងចូលប្រទេសកម្ពុជាដោយខុសច្បាប់ ។
     ការសម្រេចឃុំខ្លួនជនជាតិចិនរូបនេះបានធ្វើឡើងបន្ទាប់ពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ឈ្មោះ LIAO JINGQING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ពីបទសំអាតប្រាក់។
    គួររំលឹកថា ឈ្មោះ LIAO JINGQING ខាងលើនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយរកឃើញថា បាននាំលុយចំនួន ៨៥៥,០០០ ដុល្លារ ពីទីក្រុងហុងកុង ចូលប្រទេសកម្ពុជាដោយខុសច្បាប់។
    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា រូបគេធ្លាប់បាននាំយកលុយ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ចំនួន២លើក ដោយលើកទី១ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកទី២ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
    សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ សមត្ថកិច្ច ធ្លាប់បានឃាត់ខ្លួនបុរសជនជាតិចិនចំនួន៣នាក់ ដែលនាំលុយចូលខុសច្បាប់ ចំនួន ៣,៥២០,០០០ ដុល្លារ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជាផងដែរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner