កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឡាវ លើវិស័យគ្រប់វិស័យ ដោយស្ថាប័ន នីតិប្បញ្ញត្តិ ត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល
(ឡាវ)៖ កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយឡាវ លើវិស័យគ្រប់វិស័យរួមមាន៖ កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ដោយស្ថាប័ននីតិប្បញ្ញត្តិ ត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល ។ នេះជាការគូសបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តមបណ្ឌិត សាយសំផន បានអបអរសាទរ សម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា កម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការទុកចិត្តនិងការគាំទ្ររបស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ។
ឯកឧត្តមប្រធានរដ្ឋសភាឡាវ បន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។
សម្តេចតេជោ បានអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទីជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។
សម្តេចតេជោ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេច ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំបក្ស និង រដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។
សម្តេចតេជោ បានជម្រាបជូន ពីការវិវត្ត នៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ពីភាពជោគជ័យ នៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបាន អ្នកបន្តវេនជំនាន់ក្រោយ នៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយ សម្តេច មិនចង់ឃើញពីភាពច្រំដែល នៃអតីតកាលរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរអំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ ។ សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយ រយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថាអ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។
សម្តេចតេជោ បានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជា ជាប្រទេសផលិតសម្រាប់ការនាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្តេច បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺ ការទូតសភាដែលជាការរួមចំណែកជាមួយរដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍ពិភពលោកស្មុគស្មាញ និងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់ព្រឹទ្ធសភា នៅចំពោះមុខអង្គបោះឆ្នោត។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសយើងទាំងពីរ តាមស្មារតី “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលសម្តេចបានបង្កើតឡើង ពីឆ្នាំ២០១៩ ជាមួយនឹងឯកឧត្តម ថោងលន់ ស៊ីសុលីត និងចាត់ទុកថាជាជោគជ័យ និងផែនទីបង្ហាញផ្លូវ សម្រាប់បន្តកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ។
សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ ។ សម្តេចតេជោ បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេច ជារដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្តេចតេជោ បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍នៃប្រទេសឡាវ ដែល ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មានសន្តិភាព ស្ថិរភាព និង សម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦% នៅឆ្នាំ២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈការតភ្ជាប់ផ្លូវដែក ជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។
ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថា ទំនាក់ទំនងឡាវ-កម្ពុជា មានភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូន និងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។
ឯកឧត្តម បានបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ បានបន្តសហការផ្លាស់ប្តូរទស្សនកិច្ចកម្រិតប្រតិភូជាន់ខ្ពស់ និងជំនាញ និងបន្តពូនជ្រំ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិផងដែរ។ ឯកឧត្តម សង្ឃឹមថា កិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសយើងទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មយើងទាំងពីរបន្ថែមទៀត។
សម្តេចតេជោ និង ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ ៕
ដោយ ៖ វណ្ណលុក