នាយករដ្ឋមន្រ្តីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការ ថាមពលឡាវ-កម្ពុជា គឺជាអាទិភាព
(ឡាវ)៖ នាយករដ្ឋមន្រ្តីឡាវ បានថ្លែងចាត់ទុកកិច្ចសហប្រតិបត្តិការ ថាមពលឡាវ-កម្ពុជា គឺជាអាទិភាព និងសារៈសំខាន់បំផុត ។ ឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើកឡើងដូច្នេះ ក្នុងឱកាសនៃជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវក្តីរីករាយ ដែលមានឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀតបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។
តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងនូវការអរគុណដល់គណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូល ACMECS លើកទី១០។
ឯកឧត្តម បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរភាពជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងជីវភាពប្រសើរឡើងជាជំហានៗជូនប្រជាជន។
ឯកឧត្តម បានបន្ថែមថា កិត្យានុភាពរបស់កម្ពុជា កាន់តែល្អ នៅលើឆាកតំបន់ និង អន្តរជាតិ។ ឯកឧត្តម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង ជូនពរ សម្តេចធិបតី ប្រកបដោយសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការអភិវឌ្ឍប្រទេស។
នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានផ្តល់បដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ដល់សម្តេច និងគណៈប្រតិភូ ដែលនេះ ជាដំណើរទស្សនកិច្ចដំបូងរបស់សម្តេចនៅប្រទេសឡាវ ក្នុងនាមប្រធានព្រឹទ្ធសភា។ សម្តេចតេជោ បាននាំការសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរ ឯកឧត្តមនាយករដ្ឋមន្រ្តី នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា គណៈប្រតិភូរបស់សម្តេច នាពេលនេះរួមមាន តំណាងគណបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ផងដែរ។
សម្តេចតេជោ បានសម្តែងនូវការអបអរសាទរ ឯកឧត្តមនាយករដ្ឋមន្រ្តី ចំពោះ ជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ដែលបានធ្វើឱ្យអាស៊ានមានសាមគ្គីភាព និងវឌ្ឍនភាព ទោះនៅក្នុងកាលៈទេសៈលំបាក។ សម្តេចតេជោ បានបន្តថា បើទោះបីជាសម្តេច មិនស្ថិតក្នុង រាជរដ្ឋាភិបាល សម្តេច មានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព បងប្អូនល្អនៃប្រទេសយើងទាំងពីរ និង ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
សម្តេចតេជោ បានគូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាង បក្ស សភា និងរដ្ឋាភិបាល ឆ្លុះបញ្ចាំពីការរីកចម្រើន នៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។
នាឱកាសនោះ សម្តេចតេជោ ក៏បានលើកជាអនុសាសន៍ថា ប្រទេសយើងទាំងពីរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតំាងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យរួមទាំង ផ្នែកសន្តិសុខនិងការពារជាតិ។ សម្តេចតេជោ ក៏សង្ឃឹមថាជំនាន់អ្នកដឹកនាំបន្តវេន នឹងយកគំរូបទពិសោធអ្នកជំនាន់ចាស់ បន្តអភិវឌ្ឍបន្តទៀត និងចងភ្ជាប់ចលនាបងប្អូនល្អរបស់ប្រទេសយើងទាំងពីរ ជាការចងភ្ជាប់អតីតកាល ទៅនឹងអនាគតកាល ដែលយើងត្រូវខិតខំពូនជ្រំ។ សម្តេច បានបន្ថែមថា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ ប្រទេសយើងទាំងពីរត្រូវយកចិត្តទុកដាក់ និង បន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ។
ក្នុងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃប្រទេសយើងទាំងពីរ កំពុងដើរទៅមុខ ទោះយឺត តែមានភាពរឹងមាំ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ការជំរុញផ្គត់ផ្គង់ ថាមពលអគ្គិសនីពីឡាវទៅកម្ពុជា និងពីកម្ពុជា ទៅប្រទេសជាសមាជិកអាស៊ានផ្សេងទៀត រួមចំណែកជួយដល់តម្រូវការថាមពលរបស់កម្ពុជា ដល់ទំហំពាណិជ្ជកម្ម និងការរីកលូតលាស់សេដ្ឋកិច្ច ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសយើងទាំងពីរនៅគ្រប់ទីកន្លែង ព្រមទាំងដល់ការកសាងបណ្តាញ ថាមពលអាស៊ាន។
សម្តេចតេជោ បានបន្ថែមថា ឥឡូវ ឱកាសឱ្យយើងឈានទៅមុខហើយ ត្រូវជំរុញបន្ថែម គ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេស កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យមានភាពលូតលាស់។ជាកិច្ចឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានថ្លែងអំណរគុណ សម្តេច ចំពោះវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានភាពជិតស្និទ្ធ និង គាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណការសួរសុខទុក្ខរបស់ សម្តេចបវរធិបតី និងគូសបញ្ជាក់ថាទំនាក់ទំនងទ្វេភាគី នឹងនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជនយើងទាំងពីរ ។
ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលឡាវ-កម្ពុជា គឺជាអាទិភាពនិងសារៈសំខាន់បំផុត។ ឯកឧត្តម បានស្នើឱ្យភាគីប្រទេសយើងទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានឱ្យចេញរូបរាង។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានឯកភាពមតិ សម្តេចតេជោ លើការពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការតភ្ជាប់រវាងប្រទេសទាំងពីរ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស ព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គីល្អរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ថា នឹងសហការជាមួយ សម្តេចបវធិបតី ហ៊ុន ម៉ាណែត អនុវត្តកិច្ចព្រមព្រៀង ដែលបានសម្រេចរួមគ្នា លើគ្រប់ការងារ តាមស្មារតី នៃកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ ។
សម្តេចតេជោ និង ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានបន្តផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងសកលោក ជាពិសេស ភាពមិនប្រាកដប្រជា នៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃជាប្រចាំដើម្បីកំណត់ជំហរសមស្រប និងជៀសវាងស្ថិតនៅក្នុងស្ថានការណ៍ ជា ស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា។
ជាចុងក្រោយនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕
ដោយ ៖ វណ្ណលុក