ប្រធានរដ្ឋសភាជាតិឡាវ លៀងសាយភោជន៍ផ្លូវការ ជូនសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា
(ឡាវ)៖ ឯកឧត្តម បណ្ឌិត សាយ សំផន ភូមិវិហាន ប្រធានរដ្ឋសភាជាតិឡាវ បានរៀមចំពិធី លៀងសាយភោជន៍ផ្លូវការ ជូន សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតូជាន់ខ្ពស់កម្ពុជា នៅសណ្ឋានគារ ហូលីដេអីុនក្នុងទីក្រុងវៀងចន្ទ័ នៅយប់ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ។
មុនដំណើរការពិធីជប់លៀងនេះ ក៍មានរៀបចំពិធី កួចដៃជូនពរតាមប្រពៃណីបងប្អូនជនជាតិឡាវ ជាកិច្ចជូនពរបវសួស្តីសិរីមង្គល ចំពោះសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទាំងអស់ ក្នុងឱកាស មានវត្ថមានក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងរយៈពេលពីរថ្ងៃនេះ សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងជោគជ័យ។
ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ផ្លូវការនេះ ឯកឧត្តម បណ្ឌិត សាយ សំផន ភូមិវិហាន បានសម្តែងក្តីរីករាយក្រៃលែងនិងកិត្តិយសដ៍ខ្ពង់ខ្ពស់ដែលបានទទួលស្វាគមន៍សម្តេចតេជោជាលើកដំបូង បន្ទាប់ពីសម្តេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ការអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការលើកនេះ ជាការរិតចំណងមេត្រីភាព មិត្តភាពនិងសាមគ្គីភាព ជាប្រពៃណីតាំងពីយូរលង់ណាស់ មកហើយ ក្នុងឋានៈជាប្រទេសភូមិផង របងជាមួយគ្នា និងមានទំនាក់ទំនងល្អទៅវិញទៅមក ជាពិសេស ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម បណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យ នៃជំនួបទ្វេភាគីរវាង សម្តេចតេជោ និងឯកឧត្តម បណ្ឌិត ក្នុងថ្ងៃនេះ ដែលបានផ្តោតជាសំខាន់ ទៅលើការងារ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំងពីរ សភាទាំងពីរ និងព្រឹទ្ធសភាកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ក្នុងនាមគណៈបក្ស រដ្ឋាភិបាល ប្រជាជនឡាវ គ្រប់ជនជាតិ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ គណបក្សប្រជាជនកម្ពុជា រាជារដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រចំពោះបុព្វហេតុតស៊ូ របស់ប្រជាជនឡាវ ក្នុងពេលកន្លងមក និងបច្ចុប្បន្ន លើការជ្រោមជ្រែងដល់ការកសាង និងអភិវឌ្ឍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងនាមសភាជាតិឡាវ ឯកឧត្តមបណ្ឌិត បានអរគុណ ចំពោះជំនួយរបស់កម្ពុជា លើការបណ្តុះបណ្តាល ធនធានមនុស្ស ដែល ព្រឹទ្ធសភាកម្ពុជា បានផ្តល់ អាហារូបករណ៍ ដល់មន្ត្រីនៃសភាជាតិឡាវ ក៍ដូចជា ជំនួយលើវិស័យផ្សេងៗ ទៀត ជាពិសេស ការជួយគាំទ្រឡាវ នៅក្របខណ្ឌតំបន់ និងអន្តរជាតិ។
ថ្លែងនៅក្នុងពិធីជប់លៀងផ្លូវការនេះ សម្តេច តេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានរៀបចំពិធីជប់លៀងសាយភោជន៍ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងកិតិ្តយសដល់រគណៈប្រតិភូកម្ពុជានាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី ជាបងប្អូន និងយូរអង្វែងរវាងប្រជាជនយើង និងប្រទេសយើងទាំងពីរ។
សម្តេចជឿជាក់ថា “ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលយើង បានបង្កើតឡើងនៅឆ្នាំ២០១៩ នឹងបន្តឈានទៅមុខ យ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែមទៀត ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធ របស់យើង នៅគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។
សម្តេចពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផល នៃការពិភាក្សាយ៉ាងស៊ីជម្រៅក្នុងជំនួបរវាងសម្តេច និងឯកឧត្ត មបណ្ឌិត ជាពិសេស ការឯកភាពគ្នា ដើម្បីបន្តជំរុញឱ្យកាន់តែខ្លាំងឡើងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និងការគាំទ្រ គ្នាទៅវិញទៅមកនៅក្នុងស្ថាប័ន អន្តរសភានានា ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពយូរអង្វែង សម្រាប់ប្រជាជាតិយើងទាំងពីរ ក៏ដូចជា ប្រជាជាតិនៅលើភពផែនដីយើងទាំងមូល។
ក្នុងស្មារតីមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពដ៏ជិតស្និទ្ធ និងសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើ កិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយឯកឧត្តម ប្រធាន និងរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាមួយនេះ សម្តេចបញ្ជាក់ពីការរង់ចាំស្វាគមន៍ ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ៕
ដោយ ៖ វណ្ណលុក