នាយករដ្ឋមន្ត្រី ឆ្លើយតបពាក្យចចាមអារ៉ាម រឿងផ្លាស់ប្តូររដ្ឋមន្រ្តី និងខ្វះថិវកាបើកជូនមន្រ្ដី

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការឆ្លើយ​តបទៅនឹងពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី នៅ​តាម​ក្រសួងនីមួយៗ និងរឿងដែលថា រាជរដ្ឋាភិបាល ខ្វះខាត​ថិវកា សម្រាប់បើកជូន មន្រ្ដីរាជការ ។ តើពិតដូចពាក្យចចាម​អារ៉ាម និងការចោទប្រកាន់មែនឬ?

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គ្មានរដ្ឋមន្រ្តីរូបណា នឹងត្រូវបានផ្លាស់ប្តូរ​នោះទេ ជាក់ស្តែង ការស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករដ្ឋាភិ​បាល គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋ​មន្រ្តី មិនដឹងទេ សូមកុំព្រួយបារម្ភ។

សម្ដេចបញ្ជាក់ថា អ្វីដែលសំខាន់ គឺមន្រ្តីទាំងអស់ ត្រូវខិតខំធ្វើការ ដើម្បីរក្សាលំនឹងរៀងៗខ្លួន តទៅទៀត ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមន្រ្តីទាំងអស់ កុំគិតខ្វល់​ខ្វាយ​ច្រើន ពោល គឺត្រូវខិតខំបំពេញភារកិច្ច របស់ខ្លួន ដើម្បីជា​ធាតុ​ផ្សំមួយចូលរួមជាសហថាមពល ដើម្បីលើកស្ទួយជំរុញ​ប្រទេស​ជាតិ​របស់យើងអោយបានដើរទៅមុខ ។

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី បានឆ្លើយតបដែរថា កន្លងមក មានការចោទប្រកាន់ថា រាជរដ្ឋាភិបាល ពុំមានថវិកាគ្រប់គ្រាន់ ក្នុងការបើកប្រាក់ខែសម្រាប់មន្រ្តី ដែលតាមការពិត កើតមកពីការ​យឺតយ៉ាវដោយសារបញ្ហាបច្ចេកទេសតែប៉ុណ្ណោះ។ សម្ដេច ថា រាជរដ្ឋាភិបាល មានទុនបម្រុងគ្រប់ គ្រាន់សម្រាប់បើកប្រាក់ខែ ជូនមន្រ្តីរាជការ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា រដ្ឋ មានថវិកាគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការ ដោយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ រដ្ឋ បានដំឡើងប្រាក់ខែ ជូនដល់មន្រ្តីគ្រប់ៗគ្នាផងដែរ ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា មិនត្រឹមតែធានាបាននូវស្ថិរភាពសេដ្ឋកិច្ច ចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដំឡើងប្រាក់ខែ ជូនមន្ត្រីរាជការទាំងអស់ ជារៀងរាល់ឆ្នាំថែមទៀតផង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner