ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពីការរៀបចំយន្តការគ្រប់គ្រងការចុះបញ្ជីគម្រោងវិនិយោគ និងការត្រួតពិនិត្យតាម​ដានការអនុវត្តគម្រោង ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”

ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរ​ការងារ​ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្ត​គម្រោង​វិនិយោគ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ក.អ.ក. ឯកឧត្តម​អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) ឯកឧត្តមរដ្ឋ​លេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មា​ធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. និងគ.វ.ក. ឯកឧត្តមអភិបាល លោក លោកស្រី អភិបាលរង នៃគណៈ​អភិបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធជា​ច្រើនរូបផ្សេង​ទៀត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរ​ការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់​គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈ​ងាយស្រួលក្នុងការត្រួត​ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតី​សហការគ្នាដ៏រស់រវើក ប្រកប​ដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅ​ប្រែក្លាយ​កម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គប្បីជម្រាបជូនថា យោងតាមស្មារតីកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រធានក.អ.ក. បានកំណត់ឱ្យមាន​ការរៀបចំយន្តការប្រទាក់ក្រឡា ដើម្បីឱ្យមានសង្គតិភាព នៃលំហូរ​ការងារវិនិយោគ ទាំងការចុះបញ្ជី និងការពិនិត្យតាមដានការ​អនុវត្តគម្រោង រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការ​ពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតី​សហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធ​តួអង្គតែមួយ”។ សម្តេចធិបតី ក៏បានណែនាំឱ្យអនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង​គម្រោងវិនិយោគ​កម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការ​វិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេក​វិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែក​ទិន្នន័យជាមួយអន្តរ​ក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វជ្រុងជ្រោយ​មានសក្តានុពលបម្រើជា​ប្រយោជន៍​ដល់វិនិយោគិន ក៏ដូចជាសម្រួលការ​ផ្តល់​សេវាសាធារណៈពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់កិច្ចប្រជុំដោយ​បានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យ​របស់ក.អ.ក. ក្នុងនាមជា​សេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើ​ការងារគ្រប់គ្រងការវិនិយោគ​ឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយក​រដ្ឋមន្ត្រី និងជា​ប្រធានក.អ.ក. ដែលបាននិងកំពុងបន្តខិតខំជំរុញ​ការកែលម្អ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការ​វិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថល​ភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ នៅក្នុងស្ថាប័នរដ្ឋ និងការចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យក បច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះក្រសួង​មហាផ្ទៃ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធលំហូរ​ឯកសារ​រដ្ឋបាល​តាមប្រព័ន្ធឌីជីថល Document Management System (DMS) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីបង្កើនប្រសិទ្ធភាព​ការងាររដ្ឋបាល ការផ្ដល់សេវាសាធារណៈ និងការជំរុញការការពារ​សន្តិសុខ ដោយរួម​បញ្ចូល​ការប្រើប្រាស់ e-Signature និង e-Stamp ហើយមុខងារ e-Signature និង e-Stamp នេះ ក៏មានវត្តមាន​ប្រើប្រាស់​នៅក្នុង ប្រព័ន្ធ cdcIPM ផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងទៀតថា អង្គប្រជុំបើកឱ្យមាន​ការពិភាក្សាអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃ​ការ​គ្រប់គ្រង​ការចុះបញ្ជីវិនិយោគ និងការតាមដានបច្ចុប្បន្នក្នុងក្របខណ្ឌការងារ​សម្រួលកិច្ចវិនិយោគនៅកម្ពុជា និងធ្វើបទ​បង្ហាញ អំពីប្រព័ន្ធ cdcIPM សម្រាប់ចុះបញ្ជីគម្រោងវិនិយោគ សម្រាប់ថ្នាក់ក្រោមជាតិ និងផែនការ​ធ្វើសន្ធានកម្មជាមួយ​អន្តរក្រសួងស្ថាប័នតាមគោលការណ៍របស់រាជ​រដ្ឋាភិបាលកន្លងទៅ។ អង្គប្រជុំក៏បានឯកភាពលើការកំណត់របៀបវារៈការងារបន្ទាប់ ដើម្បីកំណត់នូវយន្តការគតិយុត្ត និងយន្តការបច្ចេកវិទ្យា​ដែល​មានសង្គតិភាពថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមការចង្អុលបង្ហាញដ៏​ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner