កីឡារាំជើងឯកថ្នាក់ជាតិ នឹងចម្រាញ់យកធនធានឆ្នើមៗ១៥វិញ្ញាសា ត្រៀមចូលរួមប្រជែង ក្នុងជើងឯកអាស៊ី និងពិភពលោក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជាបានប្រកាសជូនដំណឹងពីការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជា តិប្រចាំឆ្នាំ ២០២៤ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។

ថ្លែងប្រាប់អ្នកយកព័ត៌មានកីឡា លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាគូសបញ្ជាក់ថា នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិដ៏មានសារៈសំខាន់មួយនេះ គឺដើម្បីវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីនៅតាមបណ្តាក្លឹប-សមាគមនានាហ្វឹកហាត់កន្លងមក ក្នុងទិសដៅត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានា ជាពិសេសត្រៀមការប្រកួតកីឡារាំ ជ្រើសរើសជើងឯកពិភពលោក និងជើងឯកអាស៊ី ក្នុងឆ្នាំ២០២៥ ។ ហេតុដូចនេះហើយ តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដែលគ្រោងរៀបចំថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខឆាប់ៗនេះ គឺជាការត្រៀមខ្លួនឱ្យបានរួចជាស្រេច ក្នុងការជ្រើសរើសធនធានកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រជែងមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

លោកស្រី ហង់ ស៊ីមន បានលើកឡើងបន្ថែមថា ក្នុងចំណោម ១៥វិញ្ញាសានេះ គឺមាន១២វិញ្ញាសា ប្រភេទរាំគូ និង៣វិញ្ញាសាទៀត ជាប្រភេទរាំ Solo។ ការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះ នឹងដំណើរការស្វែងរកធនធានឆ្នើមៗពីក្លឹប-សមាគមកីឡានានា លើ១៥វិញ្ញាសា ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ២០២៤របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍកីឡាជាតិ។

លោកស្រីអគ្គលេខាធិការបន្ថែមថា វិញ្ញាសាទាំង១៥ ដែលសហព័ន្ធគ្រោងនឹងដាក់ឱ្យកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយនេះ គឺមានលើវិញ្ញាសា Latin Dance និង Standard Dance ក្នុងការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិមួយនេះ។

លោកស្រី ហង់ ស៊ីមន បានអំពាវនាវដល់បណ្តាក្លឹប សមាគមទាំងអស់ចូលរួមចុះឈ្មោះចូលរួមប្រកួតឱ្យបានច្រើនកុះករ ដែលការបិទបញ្ជីនៃការចុះឈ្មោះនឹងធ្វើឡើងត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធកីឡារាំកម្ពុជានៃពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner