កងពលតូចលេខ ៧០ ចូលរួមបាញ់ថ្នាំសម្លាប់មូសនៅសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន
កំពង់ធំ៖ចូលរួមក្នុងវិស័យសុខាភិបាល នៅខេត្តកំពង់ធំកងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ បានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិនានាក្នុងសង្កាត់ទាំង ៨ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។នេះជាសកម្មភាពសង្គ្រោះ និងការពារជំងឺដែលឆ្លងតាមមូសខាំ ដោយមានការចូលរួមពីក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧១១ ។
អនុសេនីយ៍ឯក ឡូត ចាន់រិទ្ធ ប្រធានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ បានឱ្យដឹងថា សកម្មភាពនេះចូលរួមកម្លាំងចំនួន ១៧ នាក់ ដែលមានរថយន្ត ៦ គ្រឿង ,ម៉ាស៊ីនបាញ់ថ្នាំ ៨ គ្រឿង និងសម្ភារៈបន្ថែមផ្សេងៗ។ ការបាញ់ថ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកុម្ភៈ។
ជុំវិញសកម្មចូលរួមនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ការបាញ់ថ្នាំនេះត្រូវបានអនុវត្ត ស្របតាមសំណើរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឱ្យកងពលតូចលេខ ៧០ រៀបចំឧបករណ៍សម្ភារៈ និងកម្លាំង ដើម្បីអនុវត្តសកម្មភាពនេះ៕
ដោយ៖ ប៊ុន រដ្ឋា