អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនពីអតីតកាល-ដើមបណ្ដឹងរដ្ឋប្បវេណី”

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀនអតីតកាល -ដើមបណ្តឹងរដ្ឋប្បវេណី” ដែលជាផ្នែកមួយនៃគម្រោងសំណង “អណ្តើកក្លាហាន ” និង “ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម” ។

គម្រោងនេះត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. នៅក្នុងសំណុំរឿង ០០២/០២ ហើយត្រូវបានអនុវត្តចប់សព្វគ្រប់ដោយសមាគមវប្បធម៌ កម្ពុជា អាឡឺម៉ង់ ។

ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិប្រមាណជិត ១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នារួមមាន ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតបារាំង តំណាងស្ថានទូតជប៉ុន តំណាងស្ថានទូតបារាំង អង្គការសង្គមស៊ីវិល ដើមបណ្ដឹងរដ្ឋប្បវេណី តំណាងសហគមន៍ខ្មែរឥស្លាម យុវជន គរុនិស្សិត និងសាធារណជនទូទៅផងដែរ។

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានគូសបញ្ជាក់ថា រូបភាពដែលដាក់តាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង។

ឯកឧត្តមបានបន្តថា ពិព័រណ៍នេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមរបស់យើងសម្រាប់អនាគតផងដែរ។ មេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ នឹងនាំយើងដើម្បីស្វែងរកសង្គមមួយដែលផ្តល់តម្លៃដល់ការពិត យុត្តិធម៌ និងភាពថ្លៃថ្នូររបស់មនុស្ស។

ឯកឧត្តមប្រធានរដ្ឋបាលស្តីទី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះលោក Anders Jiras និង លោក ជួន សុភាព ដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តដើម្បីចាប់យករូបភាពដ៏មានខ្លឹមសារទាំងនេះ ព្រមទាំងដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ដែលបានចែករំលែកបទពិសោធន៍ និងអនុញាតឲ្យពួកយើងបានឆ្លុះបញ្ចាំងពីអតីតកាល។

លោក នីកូឡាស មេស្ទែហាម (Nicolaus Mesterharm) ជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ កម្ពុជា-អាល្លឺម៉ង់ META HOUSE ដែលជាអ្នកអនុវត្តគម្រោងសំណង “អណ្តើកក្លាហាន ” បានលើកឡើងថា រូបភាពដាក់តាំងបង្ហាញនៅពេលនេះគឺជារូបភាពដែលជ្រើសរើសចេញពីអនុវត្តគម្រោងសំណងដែលមានការចូលរួមពីជនរងគ្រោះ១០០នាក់។ រូបភាពទាំងនេះត្រូវថែរក្សាទុកយ៉ាងល្អ ហើយធានាថា យុវជនជំនាន់ក្រោយ នឹងឃើញរូបភាពដែលជាសក្ខីកម្មនេះ ព្រមទាំងខ្សែវីដេអូ ខែ្សភាពយន្ត រូបថត គំនូរនិងឯកសារបណ្ណសារដែលរក្សាទុកប្រវត្តិសាស្រ្តឱ្យរស់នៅ។

ក្នុងកម្មវិធីនេះដែរ លោក ជួន សុភាព ដែលជាអ្នកថតរូបនិងម្ចាស់រូបភាព៣នាក់ក្នុងចំណោមរូបភាពទាំង២០ដែលបានដាក់បង្ហាញនៅពេលនេះគឺលោក ម៉ើ ពៅ លោកស្រី ព្រាប សុខឿន និងលោកស្រី នាង សាខន ជាដើមបណ្តឹងរដ្ឋប្បវេណី បានពន្យល់ដល់អ្នកចូលរួមទស្សនាទាំងអស់អំពីអារម្មណ៍ឈឺចាប់ ការជួបប្រទះនៅក្នុងរបបខ្មែរក្រហម ដែលមានខ្លឹមសារភ្ជាប់និងរូបភាពដែលបានតាំងបង្ហាញនេះ។

រូបថតដែលត្រូវបានបង្ហាញនៅពេលនេះមិនមែនជារូបថតធម្មតាទេ។ វាជាសក្ខីកម្មនៃអតីតកាលដែលបង្ហាញនូវ ការលំបាកវេទនា និងសុភមង្គលដែលត្រូវបានបាត់បង់។ វាជាសំឡេងរបស់អ្នកដែលស្លាប់ ហើយក៏ជា ស្លាកស្នាមរបួសអតីតកាលរបស់អ្នកដែលនៅរស់។ វាជាសម្លេងដែលហៅឲ្យយើងចងចាំនូវប្រវត្តិសាសន៍ដ៏ខ្មៅងងឹតមួយនោះ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner